(កំពង់ឆ្នាំង)៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថស្រុកសាមគ្គីមានជ័យ បានដេញបង្ក្រាបរថយន្តប្រភេទយីឌុបភ្លៅ៥ មួយគ្រឿង ដែលលួចដឹកឈើប្រណិតតម្លៃខ្ទង់ពាន់ដុល្លារ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។

មន្រ្តីអាវុធហត្ថស្រុកសាមគ្គីមានជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការខាងលើនេះបានធ្វើឡើង នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី២៩ ខែកញ្ញា នេះ ខណៈរថយន្តកំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៥ ហើយបត់ចូលតាមផ្លូវលំមួយបំណងគេចវេស។ ជាមួយគ្នានេះកម្លាំងអាវុធហត្ថក៏បានឃាត់អ្នកបើករថយន្តផងដែរ។

យ៉ាងណាក៏ដោយ សម្រាប់ឈើប្រណិតខាងលើនេះ មិនទាន់ដឹងថា មានប៉ុន្មានម៉ែត្រគូបនៅឡើយទេ ដោយនៅពេលនេះ បានប្រគល់ជូនមន្រ្តីរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្តទៀត។

ដោយឡែកនៅវេលាម៉ោងទាបភ្លឺនេះផងដែរ រថយន្តសាំយ៉ុងដឹកឈើប្រណិតមួយគ្រឿង ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៥០១ សហការនគរបាល ប៉ុស្តិ៍ឃុំត្រពាំងចាន់ ស្ទាក់ចាប់បាន ខណៈរថយន្តសាំយ៉ុងពណ៌ទឹកប្រាក់ដឹកឈើប្រណិតខាងលើ នេះដឹកឈើចេញពីខេត្តពោធិ៍សាត់ ដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំង ធ្វើដំណើរមកដល់នៅចំណុចភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់បានតែម្ដង។

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា រថយន្តដឹកឈើ ពាក់ស្លាកលេខ.2AB.9441 និងជនសង្ស័យ២នាក់ ដែលត្រូវកម្លាំងស្នាក់ការសន្តិសុខ៥០១ សហការជាមួយនគបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងចាន់ ស្ទាក់ចាប់បាននេះនឹងត្រូវបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តតាមនីតិវិធីស្ដីពីច្បាប់ព្រៃឈើ៕