(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា បានចុះហត្ថលេខាលើអនុសារណៈព្រមព្រៀងគ្នា (MoU) ជាមួយសមាគមធនាគារនៅម៉ុងហ្គូលី និងសមាគមធនាគារសាំងហ្គាពួរ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីជំរុញការពង្រឹង ផាសុខភាព និងសុវត្ថិភាព លើការខ្ចីប្រាក់រវាងបណ្តាធនាគារទៅឲ្យអតិថិជនរបស់ខ្លួន។

ពិធីចុះអនុសារណៈខាងលើនេះ ដោយមានការចូលរួមពី លោក ឆាល វណ្ណ ប្រធានស្តីទី សមាគមធនាគារនៅកម្ពុជា, លោក លន់ សំអុល អនុប្រធាននាយកដ្ឋានធនាគារជាតិនៃកម្ពុជា, តំណាងសមាគមធនាគារនៅម៉ុងហ្គូលី និងតំណាងសមាគមធនាគារសាំងហ្គាពួរ ដែលបានរៀបចំធ្វើឡើង នៅសណ្ឋាគារ អ៊ីនធើខន។

ថ្លែងនៅក្នុងពិធី​នេះ លោក ឆាល វណ្ណ បានថ្លែងថា នៅក្នុងការចុះហត្ថលេខានេះ គឺគ្រឹះស្ថានកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ IFC នឹងផ្តល់ជំនួយផ្នែកបច្ចេកទេស ការបណ្តុះបណ្តាល ដើម្បីជួយឲ្យប្រព័ន្ធធនាគារ មានផាសុខភាព និងសុវត្ថិភាពល្អរវាងបណ្តាធនាគារ និងអ្នកខ្ចីប្រាក់កំចីពីធនាគារ។

លោក ឆាល វណ្ណ បានបញ្ជាក់ថា តាមរយៈការចុះអនុសារណៈនេះ សមាគមធនាគារនៅកម្ពុជា នឹងទទួលបានការសិក្សារៀនសូត្រ ពីសមាគមធនាគារនៅម៉ុងហ្គូលី និងសាំងហ្គាពួរ ជួយធនាគារនៅកម្ពុជា មានដំណើរល្អ និងមានភាពជោគជ័យនៅក្នុងទីផ្សារហិរញ្ញវត្ថុ។

លោកបានបន្ថែមទៀតថា ទាំងសមាគមធនាគារនៅកម្ពុជា និងបណ្តាធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាសមាជិកទាំងអស់ បន្ទាប់ពីការចុះអនុសារណៈនេះ នឹងបន្តសិក្សានៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា ដើម្បីរកវិធីសាស្ត្រដ៏សមស្របមួយ សំដៅអនុវត្តឲ្យតាមវិធីសាស្ត្រដែលមាននិរន្តរភាពរបស់ IFC ដើម្បីធ្វើឲ្យដំណើរការផ្តល់ប្រាក់កំចីនៅកម្ពុជា មានផាសុខភាព និងសុវត្ថិភាព៕