(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្តេជ្ញាការពារ មិនឲ្យនរណាមកបំផ្លាញទឹកដីកម្ពុជាមួយនេះបានឡើយ, វត្តមានរបស់សម្តេច គឺជាវត្តមានដ៏ចាំបាច់ ដើម្បីការពារជាតិ ទប់ទល់ជាមួយក្រុមក្បត់ជាតិ ក្រុមធ្វើបដិវត្តន៍ពណ៌ និងដើម្បីអភិវឌ្ឍន៍ជាតិបន្តទៅទៀត។

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ឱកាសអញ្ជើញបំពាក់មេដាយកិត្តិយស «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍» ជូនព្រឹទ្ធាចារ្យ គង់ ណៃ និង ប្រាជ្ញ ឈួន។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំមិនឲ្យនរណាបំផ្លាញទឹកដីនេះបាននោះទេ វត្តមានរបស់ខ្ញុំគឺជាវត្តមានចាំបាច់ ដើម្បីរក្សាប្រទេសនេះឲ្យស្ថិតនៅជាប្រទេសដែលមានសន្ដិភាព ជៀសឆ្ងាយពីបដិវត្តន៍ពណ៌ ពីការបំផ្លាញដោយអំពើក្បត់​ណាមួយដែលយើងមិនអាចទទួលយកបាន»

ប្រមុខដឹកនាំដ៏មានឥទ្ធិពលរបស់កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បន្ដថា «ទីបញ្ជាការនៅទីក្រុងភ្នំពេញដែលបញ្ជាចេញធ្វើបដិវត្តន៍ពណ៌ មិនអាចទទួលយកបានទេ ឥឡូវត្រូវបានឃ្លាំមើល ហើយនឹងត្រូវបានទប់ស្កាត់ យើងនឹងបន្ដទប់ស្កាត់យើងមិនព្រមដាច់ខាត់ ហើយជាមួយនឹងការបំផ្លាញម្ដងហើយម្ដងទៀត សម្រាប់ជាតិមួយនេះ ទម្រាំមានពេលនេះលំបាកណាស់ ដូច្នេះវត្តមានរបស់ខ្ញុំ គឺជាវត្តមានចាំបាច់សម្រាប់បន្ដនូវសន្ដិភាព និងការអភិវឌ្ឍន៍នៃប្រទេសនេះ»

សម្ដេចនាយករដ្ឋមន្ដ្រីបន្ថែមថា ​សម្ដេចរីករាយនឹងបានចូលរួមចំណែកជាមួយ មេដឹកនាំកម្ពុជាតាំងពីដំណាក់កាលដំបូង នាទីដំបូងរហូតមកដល់នាទីនេះ ប៉ុន្ដែសម្ដេចមិនទាន់បញ្ចប់នៅត្រឹមនាទីនេះទេ សម្ដេចធ្លាប់បានប្រកាសរួចហើយ នឹងបន្ដរយៈពេល២អាណត្តិទៀត​យ៉ាងតិច៕