(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញបំពាក់មេដាយកិត្តិយស «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍» ជូនព្រឹទ្ធាចារ្យ គង់ ណៃ និង ប្រាជ្ញ ឈួន។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។

លោក ថៃ នរសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានថ្លែងថា ការផ្តល់គ្រឿងឥស្សរិយយសដល់ព្រឹទ្ធាចារ្យទាំងពីររូបនេះ គឺដើម្បីផ្តល់នូវការតបស្នង ចំពោះស្នាដៃរបស់លោកជាមរតកមនុស្សរស ដែលបានប្រឹងប្រែងលើកស្ទួយសិល្បៈចាប៉ីដងវែង រួមនិងសិល្បៈដទៃទៀត។

បើតាមលោក ថៃ នរសត្យា ក្រៅពីការផ្តល់គ្រឿងឥស្សរិយយស «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍»ហើយនោះ រាជរដ្ឋាភិបាល ក៏បានបានផ្តល់ឋានៈជូនលោកព្រឹទ្ធាចារ្យទាំងពីររូប ស្មើនឹងថ្នាក់អគ្គនាយក ដែលអាចទទួលបានប្រាក់ខែពីរាជរដ្ឋាភិបាល ដូចមន្រ្តីរាជការទូទៅផងដែរ។

សូមបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ គង់ ណៃ និង ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គឺជាអ្នកសិល្បៈចំណាស់ជាងគេនៅកម្ពុជាផ្នែកចាប៉ីដងវែង ដ៏មានវោហាស័ព្ទ និងល្បាញល្បី។ មកដល់ពេលបច្ចុប្បន្ននេះ លោកព្រឹទ្ធាចារ្យ គង់ ណៃ មានជន្មាយុ ៧២ឆ្នាំ ខណៈព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន មានជន្មាយុ ៨១ឆ្នាំ។

ព្រោះតែការមានស្នាដៃច្រើនលើសិល្បៈចាប៉ីដងវែង នៅពេលថ្មីៗនេះ ព្រឹទ្ធាចារ្យ គង់ ណៃ ត្រូវរដ្ឋាភិបាលជប៉ុន ផ្តល់រង្វាន់ «សិល្បៈ និងវប្បធម៌ហ្វឹគឹអុកា» ឆ្នាំ២០១៧។ ពានរង្វាន់សិល្បៈ និងវប្បធម៌ហ្វឹគឹអុកា ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩០ នៅទីក្រុងហ្វឹគឹអុកាប្រទេសជប៉ុន ដែលបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការលើកស្ទួយការផ្លាស់ប្តូរវប្បធម៌ ជាមួយបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ី រួមមានប្រទេសកម្ពុជាផងដែរ។

ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនបុគ្គល ដែលមានស្នាដៃឆ្នើមក្នុងតំបន់អាស៊ី ពាក់ព័ន្ធផ្នែកអប់រំ សិល្បៈ និងវប្បធម៌៕