(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ដោយសារតែសុខសន្តិភាព និងស្ថិរភាពនយោបាយ មានសាមគ្គីភាពផ្ទៃក្នុង ទើបរយៈពេលជិត៤០ឆ្នាំមកនេះ វិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកសាងសន្តិភាព ឯកភាពជាតិ និងសុខដុមនីយកម្ម។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ដើម្បីរក្សាស្ថានភាពបែបនេះ ឲ្យឋិតថេរបាន គឺត្រូវចូលរួមថែរក្សាសន្តិភាព និងស្ថិរភាពឲ្យបានជានិរន្ត ហើយមួយទៀត គឺត្រូវបន្តរួបរួមគ្នា និងសាមគ្គីភាពគ្នា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ព្រោះកាលណាអាណាចក្ររីកចម្រើន ពុទ្ធចក្រក៏រីកចម្រើនស្របគ្នាផងដែរ។

លោក អ៉ិត សំហេង បានលើកឡើងយ៉ាងដូច្នេះគ្រាដែលអញ្ជើញចូលរួមពិធីបុណ្យឧបោសថកភត្ត និងស្រង់ព្រះសុគន្ធវារីប្រគេនចំពោះព្រះភិក្ខុ ឈឿន ភន់ ព្រះចៅអធិការវត្តមហាមន្រ្តី ក្រោមការយាងនិមន្តពីសម្ដេចព្រះមហាសុមេធាធិបតីកិត្ដិឧទេ្ទសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកនៃកម្ពុជា សម្តេចព្រះរាជាគណៈ ព្រះតេជគុណ ព្រះថេរានុត្ថេរៈ និងពុទ្ធបរិស័ទជាច្រើនអង្គ/នាក់ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។

លោករដ្ឋមន្ត្រីបានជម្រាបថា ព្រះវត្ដមានរបស់សម្ដេចព្រះរាជាគណៈ ព្រះថេរានុតេ្ថរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទនាពេលនេះ បង្ហាញឲ្យឃើញច្បាស់ពីសាមគ្គីភាពគា្នក្នុងពុទ្ធសាសនិក បង្កើតបានជាកម្លាំងសរុបរឹងមាំ ឈានទៅសម្រេចជោគជ័យថែមទៀត សម្រាប់វិស័យពុទ្ធចក្រ និងអាណាចក្រ នៅកម្ពុជា។

លោករំឭកថា ប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស្ទើរទាំងស្រុង ក្នុងនោះវត្តអារាមមួយចំនួនត្រូវបានកម្ទេចចោល ហើយព្រះសង្ឃបានក្លាយជាទាសករទទួលរងនូវទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ ធ្វើឱ្យសាសនាទាំងមូលត្រូវបានរលំរលាយ។ ប៉ុន្តែនៅថ្ងៃ៧ មករា ១៩៧៩ ក្រោមចលនាតស៊ូរបស់កម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានខិតខំតស៊ូ លះបង់ សាច់ស្រស់ ឈាមស្រស់ រំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ក្រោ មនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ន។

លោកបានបន្តថា ព្រះពុទ្ធសាសនាមានអាយុកាល២,៥៦១ឆ្នាំក៏ពិតមែន តែសម្រាប់កម្ពុជាអាចនិយាយបានថា ទើបតែកើតមានឡើងជាលើកទី២ ក្រោយឆ្នាំ១៩៧៩ប៉ុណ្ណោះ ព្រោះក្នុងសម័យ ប៉ុល ពត បានរំលាយនៅហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម គម្ពីរក្បួនច្បាប់ផ្សេងៗទាំងអស់ស្ទើរគ្មានសល់។ បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ នោះទេ ក៏គ្មានការរីកចម្រើនដូចបច្ចុប្បន្ននេះដែរ។ ហេតុដែលនាំឲ្យកើតឡើងរបបឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ បានគឺដោយសារតែការប្តូរពីរបបមួយទៅរបបមួយដោយមិនបានគិតឲ្យបានគ្រប់ជ្រុងជ្រោយ នាំឲ្យកើតមានសង្គ្រាមនោះឡើង។

គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានវត្តអារាមទូទាំងប្រទេសជាង ៤,០០០វត្ត និងមានព្រះសង្ឃជិត៧ម៉ឺនអង្គ ក្នុងនោះនៅរាជធានីភ្នំពេញមានចំនួន១៤៩វត្ត និងព្រះសង្ឃចំនួន ៨,១៤៩អង្គ៕