(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧ នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណៈភាពរបស់ លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ដែលជាបិតាស្ថាបត្យករខែ្មរដ៏ល្បីល្បាញ ។

នៅក្នុងសារលិខិតរំលែកទុក្ខរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ញើជូនលោកស្រី វណ្ណ អំបែ្យហេ្សទ្រូដ (​ Vann Amber Gertrude ) ដែលត្រូវ​ជាភរិយារបស់ លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ បានគូសបញ្ជាក់ថា មរណៈភាពរបស់ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ គឺជាការបាត់បង់ស្ថាបត្យករខ្មែរ​ជើងចាស់ដ៏ឆ្នើមល្បីល្បាញបំផុតរបស់កម្ពុជា ដែលបានបន្សល់ទុក្ខនូវស្នាដៃស្ថាបត្យកម្មដ៏ច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលយើងទាំងអស់គ្នាចងចាំជានិច្ច ។

សារលិខិតរំលែកទុក្ខបានសរសេរបញ្ជាក់ទៀតថា ខ្ញុំ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមសម្ដែងនូវសមានទុក្ខសោកស្ដាយអាឡោះអាល័យយ៉ាងក្រៃលែង និងក្ដីសង្វេករកទីបំផុតគ្មានជាមួយ លោកជំទាវ បុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ ដែលបានបាត់បង់ លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ដែលជាស្វាមី បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់ ។ ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ចន្ធ លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕