(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបញ្ជាកម្លាំងនគរបាល បន្ដចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែង នៅចំណុចបន្ទាយធំ ស្ថិតក្នុងភូមិទី៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន ដោយដកហូតបានវត្ថុតាងមួយចំនួនដើម្បីដុតបំផ្លាញចោល។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា លោកចាត់តាំងបញ្ជាអធិការស្រុកកោះសូទិន ឲ្យកម្លាំងនគរបាលរដ្ឋបាលព្រែកតានង់ សហការជាមួយសមាជិកក្រុមប្រឹក្សាឃុំ ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នេះ។

ជាលទ្ធផលនៃប្រតិបត្តិការនេះ កម្លាំងជំនាញរបស់លោក ដកហូតបាន ឧបករណ៍លូស្បៃមុង ចំនួន០៧មាត់, របាំងស្បៃមុងប្រវែង២៣០ម៉ែត្រ, បង្គោលឬស្សី៨១ដេីម និងប្រលែងកូនត្រីចម្រុះចំនួន១៥គីឡូក្រាម។

សូមជម្រាប កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម ក៏បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជាបន្ដបន្ទាប់ ក្នុងស្រុកកោះសូទិន ដោយដកហូតបានវត្ថុតាងយ៉ាងច្រើនដើម្បីដុតបំផ្លាញចោល និងប្រលែងកូនត្រីចម្រុះរាប់រយគីឡូក្រាមផងដែរ៕