(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញលិខិតផ្អាកសកម្មភាពរបស់អង្គការ «សមធម៌កម្ពុជា»​ ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញថា អង្គការមួយនេះ បានធ្វើសកម្មភាពខុសច្បាប់។ នេះបើយោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ផ្ញើជូនលោក អៀង វុទ្ធី ប្រធានអង្គការ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ។

នៅក្នុងលិខិតនេះ សម្តេច ស ខេង បានគូសបញ្ជាក់ថា «ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា អង្គការសមធម៌កម្ពុជា បានធ្វើសកម្មភាពដោយអនុវត្តផ្ទុយនឹងប្រការ៥ នៃលក្ខន្តិកៈរបស់ខ្លួន ដែលតម្កល់នៅក្រសួងមហាផ្ទៃ ព្រមទាំងផ្ទុយនឹងបទប្បញ្ញត្តិ នៃមាត្រា១០ និងមាត្រា២៥ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល»

សម្តេចក្រឡាហោម បានបន្តទៀតថា «ផ្នែកតាមបទប្បញ្ញត្តិខាងលើនេះ ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាព អង្គការសមធម៌កម្ពុជា ជាបណ្តោះអាសន្ន ក្នុងរយៈពេលយ៉ាងយូរ៣០ថ្ងៃ នៃថ្ងៃធ្វើការ។ ទន្ទឹមនេះអង្គការត្រូវជូនដំណឹងជាលាយលក្ខណ៍ អក្សរអំពីលេខគណនីសម្រាប់ប្រតិបត្តិការ ត្រូវផ្តល់របាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុ ព្រមទាំងផ្តល់នូវរបាយការណ៍សកម្មភាពរបស់អង្គការពាក់ព័ន្ធ នឹងជម្លោះរវាងក្រុមហ៊ុនភ្នំពេញ PHNOM PENH SUGER ដែលជាក្រុមហ៊ុនទទួលបានដីសម្បទានពីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅឃុំសង្កែសាទប ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជូនមកក្រសួងមហាផ្ទៃ ក្នុងរយៈពេលកំណត់ខាងលើ។ ក្នុងករណីមិនអនុវត្តតាមការជូនដំណឹងនេះ ក្រសួងមហាផ្ទៃ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន»

សូមអានខ្លឹមសារលិខិតរបស់សម្តេចក្រឡាហោម ស ខេង ខាងក្រោមនេះ៖