(កណ្តាល)៖ ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បានលើកឡើងថា ឧបករណ៍នេសាទខុសច្បាប់ ត្រូវបានក្រុមអ្នកនេសាទខុសច្បាប់ យកទៅដាក់ពង្រាយនៅចំណុចបឹងអូររលៃ ខាងកើតភូមិអង្គ និងភូមិតាពេជ និងដាក់នៅក្នុងបឹងផ្លូវក្របី ខាងកើតភូមិគរ ក្នុងឃុំក្រាំងយ៉ូវ ដោយក្នុង១ខ្សែៗប្រវែងចាប់ពីជិត១០០០ម៉ែត្រ ទៅជិត២០០០ម៉ែត្រ។

ក្រុមអ្នកនេសាទខុសច្បាប់អាចដាក់បាននោះ ដោយសារមានអ្នកដើរប្រមូលលុយ ពីអ្នកនេសាទខុសច្បាប់ទាំងនោះ ក្នុង១ខ្សែចាប់ពី១០ម៉ឺនរៀលទៅ២០ម៉ឺនរៀល និងនិយាយថា យកទៅរត់ការយកទៅបង់ឲ្យជំនាញនីមួយៗ ដោយក្នុងមួយឆ្នាំៗគេអាចប្រមូលបានរាប់ពាន់រាប់ម៉ឺនដុល្លារឯណោះ ព្រោះបឹងទាំងពីរនេះ មានបទល្មើសនេសាទរាប់ពាន់ខ្សែ ធ្វើឲ្យអ្នករកស៊ីដាក់មងចងសន្ទូចមិនចាប់ត្រីមកទទួលទាននោះទេ។

អ្នកនេសាទម្នាក់រស់នៅក្នុងភូមិអង្គ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បាននិយាយរៀបរាប់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្តាលថា រូបគាត់អ្នកនេសាទដោយប្រើឧបករណ៍ទ្រូ សៃ ដោយប្រើព្រួលធ្វើអំពីឬស្សី និងដាក់មង ចងសន្ទូច ចាប់មិនបានត្រីច្រើនដូនគេប្រើឧបករណ៍ស្បៃមុងនោះទេ គេអាចចាប់ត្រីបានគ្រប់ប្រភេទ ទោះត្រីតូចក៏ចាប់បាន ត្រីធំក៏ចាប់បានដែរ។

បើយោងអ្នកនេសាទខុសច្បាប់ម្នាក់ រស់នៅក្នុងភូមិតាពេជ ឃុំក្រាំងយ៉ូវ បាននិយាយដោយមិនបញ្ចេញឈ្មោះថា ការដែលគាត់នេសាទដោយប្រើឧបករណ៍នេសាទប្រភេទស្បៃមុងបាននេះបាន ដោយសារគាត់បានបង់លុយទៅឲ្យបុគ្គល់ម្នាក់ឈ្មោះ ជុំ ដោយគេប្រាប់គាត់ថា យកទៅរត់ការបង់ឲ្យអ្នកសារព័ត៌មាន និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនផងដែរ ដោយគាត់បង់ខ្សែប្រវែង ១ពាន់ម៉ែត្រគឺ១០ម៉ឺនរៀល និងខ្សែខ្លី៦ម៉ឺនរៀល ដោយគាត់ម្នាក់ឯងដាក់ជិត១០ខ្សែ។

ក្រោយពីគាត់បង់លុយឲ្យគេហើយឃើញថា មិនមានការរំខានពីជំនាញណាឡើយ គាត់ដាក់បានសេចក្តីសុខរហូត។ ចំណែកពលរដ្ឋម្នាក់រស់នៅក្នុងភូមិអូរអណ្តូង ឃុំក្រាំងយ៉ូវ ជាអ្នកនេសាទដោយដាក់មង ចងសន្ទូចបាននិយាយថា ពួកគាត់អ្នកប្រកបរបរនេសាទដោយត្រឹមត្រូវ តាមផ្លូវច្បាប់នោះគឹមិនអាចចាប់ត្រីបានច្រើននោះទេ ព្រោះបើយើងជិះទូកទៅដល់ចំណុចក្នុងបឹងផ្លូវក្របីខាងកើតភូមិគរ គឺឃើញស្បៃមុងដាក់ទាំងខ្សែៗ ប្រវែងរាប់រយរាប់ពាន់ម៉ែត្រ ពេញលើផ្ទៃទឹក ហើយបើយើងជិះទូកទៅដល់បឹងអូរលៃវិញ គឺកាន់តែច្រើនឡើងកកក្តាំស្ទើរតែជិះទូកកាណូតមិនរួច ហើយគេតែឃើញមានអ្នកដើរប្រមូលលុយពីអ្នកដាក់បទល្មើសស្បៃមុងទាំងនេះ។

ពលរដ្ឋបានបន្តថា បទល្មើសនេសាទមិនអាច លុបបំបាត់បាននោះទេ ហើយមច្ឆាជាតិ ក៏វាប្រឈមការហិនហោច ដោយបច្ចុប្បន្នបឹងក្នុងឃុំក្រាំងយ៉ូវ គឺមានតែទឹកមិនមានត្រីដូចមុននោះទេ ព្រោះតែក្រុមមន្ត្រីខិលខូចឃុបឃិតជាមួយអ្នករកស៊ីបទល្មើសនេសាទទាំងនោះ៕