Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកលើកដែក ខេត្តកណ្តាល៖ នៅរយៈពេលអនាគតដ៏ខ្លីខាងមុខនេះ តំបន់លើកដែក នឹងក្លាយជាតំបន់ដ៏មានសក្តានុពល សម្រាប់ការវិនិយោគ, វិនិយោគិននឹងងាកមកចាប់អារម្មណ៍ខ្លាំង

28-09-2017 18:44

(កណ្តាល)៖ និយាយដល់ស្រុកលើកដែក ខេត្តកណ្តាល គេនឹកស្រមៃ ដល់តំបន់អ្នកលឿងត្រើយខាងលិច ដែលមានមនុស្សអ៊ូអរ ដោយប្រជាពលរដ្ឋ ត្រូវធ្វើដំណើរឆ្លងសាឡាង ឆ្ពោះទីកាន់ខេត្តព្រៃវែង និងស្វាយរៀង។ ប៉ុន្តែបន្ទាប់ស្ពានអ្នកលឿង បានបើកសម្ពោធជាផ្លូវការ តំបន់អ្នកលឿងត្រើយខាងលិចបែរជាស្ងប់ស្ងាត់។

ស្រុកលើកដែក គឺនៅមិនឆ្ងាយប៉ុន្មានពីភ្នំពេញឡើយ ពោលឆ្លងកាត់តែស្រុកកៀនស្វាយប៉ុណ្ណោះ នឹងដល់ស្រុកលើកដែកហើយ ដោយចំណាយពេលប្រមាណតែ៣០នាទី។ ប្រជាជននៅតំបន់នោះ ក្រៅតែពីប្រកបមុខរបរធ្វើស្រែចំការហើយនោះ ប្រជាពលរដ្ឋនៅទីនោះ ក៏ធ្វើការរោងចក្រដែលកំពុងបើកដំណើរការ ក្នុងស្រុកលើកដែកនោះផងដែរ។

កន្លងមកធ្លាប់មានព័ត៌មានមួយចំនួន​ អំពីគម្រោងវិនិយោគនូវក្រុងរណប និងតំបន់សេដ្ឋកិច្ចពិសេស ពីវិយោគិនជប៉ុន និងចិន នៅស្រុកលើកដែកនោះ តែពាក់ព័ន្ធករណីវិនិយោគនេះ អាជ្ញាធរដែនដី មិនទាន់បញ្ជាក់ឲ្យដឹងឡើយ ហើយអាជ្ញាធរក៏អំពាវនាវឲ្យអ្នកវិនិយោគ មកវិនិយោគនៅទីនោះ ដើម្បីជំរុញស្ថានភាពសេដ្ឋកិច្ចឲ្យបានខ្លាំងក្លា ខណៈតំបន់នោះកំពុងទទួលការចាប់អារម្មណ៍ខ្លាំង។

លោក នូវ សំណាង អភិបាលស្រុកលើកដែក បានបញ្ជាក់ប្រាប់ Fresh News ថា ស្រុកលើកដែលមានស្ថានភាពល្អក្នុងការវិនិយោគ ដោយមានផ្ទៃនៅទូលាយ ដោយនៅមិនឆ្ងាយពីរាជធានីភ្នំពេញឡើយ នៅប្របជាមួយនឹងផ្លូវជាតិលេខ១ ដែលជាផ្លូវ Highway ដ៏សំខាន់ក្នុងការដឹកជញ្ជូន។

លោកអភិបាលស្រុកបានបង្ហើបឲ្យដឹងថា «នាពេលថ្មីៗនេះ ថ្នាក់ដឹកនាំខេត្តបានបង្ហើបឲ្យដឹងថា នៅរយៈពេលអនាគតដ៏ខ្លីខាងមុខនេះ តំបន់ស្រុកលើកដែក នឹងក្លាយជាតំបន់ដ៏មានសក្តានុពលក្នុងការវិនិយោគ ដោយវិនិយោគិននឹងងាកមកចាប់អារម្មណ៍ខ្លាំង»។

ជាមួយគ្នានេះ លោក នូវ សំណាង ក៏អំពាវនាវដល់អ្នកវិនិយោគ សូមអញ្ជើញមកសិក្សា និងស្វែងយល់នូវសក្តានុពល នៅស្រុកលើកដែក ដើម្បីចាប់យកឱកាសមាសបានមុខគេ។ លោកថា​ ប្រសិនមានការវិនិយោគតំបន់សេដ្ឋកិច្ចពិសេស និងទីក្រុងរណបនោះ នឹងជួយលើកកម្ពស់ជីវភាពរបស់ប្រជាជនឲ្យកាន់តែធូរធាជាងមុន៕