(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញសាររំលែកទុក្ខចំពោះមរណភាពរបស់ បិតាស្ថាបត្យករខ្មែរ លោកតា វណ្ណ ម៉ូលីវណ្ណ។

តាមលិខិតរំលែកទុករបស់ សម្តេចតេជោ ហ៊ុន សែន ដែលផ្ញើជូនដល់លោកស្រី Vann Amber Gertrude ភរិយារបស់លោកតាវណ្ណ ម៉ូលីវណ្ណ បានបញ្ជាក់ថា មរណភាពរបស់ លោក វណ្ណ ម៉ូលីវណ្ណ គឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហាធម៌ និងក៏ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់ម្នាក់របស់ជាតិ។

សូមបញ្ជាក់ថា ស្ថាបត្យករជើងចាស់ដ៏​ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា លោក វណ្ណ មូលីវណ្ណ បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ៩១ឆ្នាំ នៅផ្ទះរបស់លោកតាមបណ្ដោយដងស្ទឹងសៀមរាប ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយសារតែស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។

លោក វណ្ណ ម៉ូលីវណ្ណ គឺជាស្ថាបត្យករនាំមុខគេ និងបង្កើតស្នាដៃជាច្រើននៅក្នុងចលនាស្ថាបត្យកម្មខ្មែរថ្មីរបស់ប្រទេសកម្ពុជា។ លោក វណ្ណ ម៉ូលីវណ្ណ កើតក្នុងខេត្តកំពត នៅឆ្នាំ១៩២៦។ ក្នុងឆ្នាំ១៩៤៦ គាត់បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង។

ស្នាដៃចំបងៗរបស់លោក វណ្ណ មូលីវណ្ណ រួមមាន​​៖ សាល​សន្និសីទចតុមុខ, វិមានឯករាជ្យ, ពហុកីឡដ្ឋានជាតិអូឡាំពិក, សំណង់ «​ផ្ទះ១០០» ដែលត្រូវ​បាន​សាង​សង់​ សម្រាប់​បុគ្គលិក​ធនាគារ​ជាតិកម្ពុជា ​ស្នាក់នៅ​ (១៩៦៥-១៩៦៧), វិមានរដ្ឋចំការ​មន, សាល​មហោស្រព​ជាតិសុរាម្រឹត​, អនុវិទ្យាល័យ​បណ្តុះបណ្តាល​គ្រូបង្រៀន​ និងវិទ្យាស្ថាន​ភាសា​បរទេស ជាដើម៕