(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងសហការជាមួយក្រសួងទេសចរណ៍ រៀបចំកម្មវិធីប្រកួតប្រជែង «មគ្គុទ្ទេសក៍ទេសចរណ៍ឆ្នើម» លើកដំបូង នៅតាមស្ថានីយ៍ទូរទស្សន៍នានា ក្នុងព្រះរាជាណាចក្រកម្ពុជា នេះបើតាមការលើកឡើងរបស់ក្រុមហ៊ុន ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងទេសចរណ៍ តំណាងដោយឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តំណាងដោយលោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងទេសចរណ៍។
លោក ណេប សាមុត បានថ្លែងថា «ការចុះអនុស្សរណៈនេះ នឹងអាចបានជាប្រយោជន៍ ដល់ការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និងចូលរួមការជម្រុញគុណភាពមគ្គុទ្ទេសក៍ទេសចរណ៍តាមរយៈការប្រកួតប្រជែងមគ្គុទ្ទេសក៍ឆ្នើម»។ លើសពីនេះ អនុស្សរណៈនេះនឹងអាចគាំទ្រការបញ្រ្ជាបការយល់ដឹងជាសាធារណៈក្នុងវិស័យទេសចរណ៍ ផងដែរ។
លោកឧកញ៉ា លាង ឃុន បានថ្លែងបន្ថែម «មគ្គុទ្ទេសក៍ទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជម្រុញវិស័យទេសចរណ៍ឲ្យរីកចម្រើនជាលំដាប់ ដូច្នេះ លោកឧកញ៉ាសង្ឃឹមថា ការរៀបចំឲ្យមានការប្រកួតប្រជែងនេះ នឹងធ្វើឲ្យមគ្គុទេសក៍ទេសចរណ៍យើង កាន់តែព្យាយាមពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យកាន់តែច្រើន និងធ្វើឲ្យវិស័យទេសចរណ៍យើងកាន់តែរីកចម្រើន»។
លោកឧកញ៉ាបានបន្តទៀតថា «ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពិតជាមានកិត្តិយស ដែលអាចមានឱកាសចូលរួមលើកស្ទួយវិស័យទេសចរណ៍ ដែលជាវិស័យដ៏មានសក្កានុពលមួយ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ចកិច្ចជាតិយើង»។
ក្រៅពីកិច្ចសហការរៀបចំកម្មវិធីប្រកួតប្រជែងមគ្គុទេសក៍ទេសចរណ៍ឆ្នើម ក្រុមហ៊ុនក៏ នឹងសហការឧបត្ថម្ភបញ្ជរ ដាក់ឯកសារផ្សព្វផ្សាយទេសចរណ៍ តាមមណ្ឌលព័ត៌មានទេសចរណ៍រាជធានី ខេត្ត ព្រមទាំងការបោះពុម្ពផែនទី និងសៀវភៅមគ្គុទេសក៍ទេសចរណ៍ ដោយផ្សារភ្ជាប់ការរៀបចំរោងចក្រនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឲ្យក្លាយជាគោលដៅទេសចរណ៍មួយក្នុងរាជធានីភ្នំពេញផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដែលវិនិយោគដោយខ្មែរ១០០% ហើយផលិតស្រាបៀរ និងភេសជ្ជជាច្រើនប្រភេទដូចជា ស្រាបៀរកម្ពុជា ស្រាបៀរស្តោតBarrley Black ភេសជ្ជៈប៉ូវកម្លាំងWurkz ភេសជ្ជៈIze ទឹកផ្លែឈើJoop ទឹកសុទ្ធកម្ពុជា និងស្រាបៀរ Kudo៕