(ភ្នំពេញ)៖ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុបនៅថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០១៧នេះបានផ្តល់ថវិកាចំនួន៦ម៉ឺនដុល្លារជូនដល់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដើម្បីគាំទ្រសកម្មភាពការងារសហព័ន្ធសម្រាប់ឆ្នាំទី២ អាណត្តិទី១ ដែលមានលោក ហ៊ុយ វណ្ណៈ ជាប្រធាន។

លោក ហ៊ុយ វណ្ណៈ បានឲ្យដឹងថា អ្នកឧកញ៉ា ហុង ពីវ បានគាំទ្រថវិកាដល់ ស.ស.ស.ក រយៈពេល៣ឆ្នាំសរុបចំនួន១១ម៉ឺនដុល្លារអាមេរិក ក្នុងនោះសម្រាប់ឆ្នាំ២០១៦ ចំនួន២ម៉ឺនដុល្លារ ឆ្នាំ២០១៧នេះចំនួន៦ម៉ឺនដុល្លារ និងឆ្នាំ២០១៨ចំនួន៣ម៉ឺនដុល្លារ។

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានយកឱកាសនេះជួសមុខឲ្យថ្នាក់ដឹកនាំនិងសមាជិកទាំងអស់ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះម្ចាស់ជំនួយទាំងអស់ ដែលក្នុងនោះរួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ធុរជនក្នុងវិស័យឯកជន ដែលបានគាំទ្រដល់សកម្មភាពការងាររបស់ ស.ស.ស.ក ឲ្យបំពេញតួនាទីជាផលប្រយោជន៍ដល់គុណភាពវិស័យសារព័ត៌មាននៅកម្ពុជា។

ស.ស.ស.ក ចាប់បដិសន្ធិនិងដំណើរការនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ដោយមានស្ថាបនិកដំបូង២០រូប ទីប្រឹក្សា៦រូប និងមានសមាជិកជាអ្នកសារព័ត៌មានជាង៨០០នាក់។ ក្នុងរយៈពេលមួយឆ្នាំដំបូងនេះ ស.ស.ស.ក បានបំពេញការងារក្នុងក្របខ័ណ្ឌជាតិដែលរួមមានការជួយដល់ការលំបាករបស់អ្នកសារព័ត៌មាន ការងារបណ្តុះបណ្តាលផ្សព្វផ្សាយដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងជំរុញតួនាទីរបស់អ្នកសារព័ត៌មានឲ្យកាន់តែចាំបាច់នៅក្នុងសង្គម។ ចំពោះនៅលើឆាកអន្តរជាតិ ស.ស.ស.ក បានក្លាយជាតំណាងអ្នកសារព័ត៌មានកម្ពុជានៅក្នុងវេទិកាសារព័ត៌មានអាស៊ាន និងជាអនុប្រធានវេទិកាសារព័ត៌មាន ICAPP។

បេសកម្មបន្តទៀតចំពោះមុខ គឺ ស.ស.ស.ក កំពុងខិតខំក្នុងការកសាងអគារអចិន្ត្រៃយ៍មួយ ដែលនឹងផ្តល់ផលប្រយោជន៍រឹងមាំយូរអង្វែងសម្រាប់គ្រួសារអ្នកសារព័ត៌មានក្នុងការបំពេញបេសកម្នរួមចំណែកតបស្នងជាវិជ្ជមានជូនដល់សង្គមជាតិនិងប្រជាជនរបស់ខ្លួន៕