(ភ្នំពេញ)៖ ពិព័រណ៍អចលនទ្រព្យលំដាប់អន្ដរជាតិ លើកទី២ នឹងចាប់ផ្ដើម នៅថ្ងៃទី៦ និង៧ ខែតុលាខាងមុខនេះហើយ ដែលមានការអញ្ជើញចូលរួម ពីគម្រោងអភិវឌ្ឍ អចលនទ្រព្យជាតិ-អន្ដរជាតិ ជាង៣០ ដែលនឹងប្រព្រឹត្ដឡើង នៅសណ្ឋាគារ ណាហ្គាវើល ។

លោក Thomas O'Sulivan ( ថម អូស៊ីលីវិន) អគ្គនាយកវេបសាយ Realestate.com.kh បានថ្លែងថា «ព្រឹត្ដិកាណ៍តាំងពិព័រណ៍ អចលនទ្រព្យកម្ពុជាលើកទី២រយៈពេល២ថ្ងៃនេះ មានគម្រោងអភិវឌ្ឍ អចលនទ្រព្យជាង៣០ នឹងចូលរួមដាក់បង្ហាញ ហើយយើងរំពឹងទុកថា នឹងមានអ្នកវិនិយោគ ក្នុងវិស័យអចលនទ្រព្យ និងអ្នកចូលរួមជាតិ-អន្ដរជាតិ ប្រមាណ៥,០០០នាក់ ចូលរួមសិក្សាស្វែងយល់ ស្វែងរកដៃគូ ក៏ដូចជាស្វែងរកព័ត៌មានជាក់លាក់ ដើម្បីធ្វើការសម្រេចចិត្តវិនិយោគនៅកម្ពុជា»។

លោកបន្ដថា ការបង្កើតព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីប្រទេសកម្ពុជា និងសក្តានុពលទីផ្សារអចលនទ្រព្យនៅកម្ពុជា ទៅកាន់អ្នកក្នុងស្រុក និងអន្តរជាតិ ហើយនឹងនាំមកនូវគម្រោងថ្មី ដែលមានគុណភាពខ្ពស់ និងអាជីវកម្មផ្សេងៗ ដែលមានឥទ្ធិពល និងដើរតួនាទីសំខាន់ក្នុងទីផ្សារ ។ម្យ៉ាងវិញទៀត ប្រទេសកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកវិនិយោគអចលនទ្រព្យអន្តរជាតិ ជាទូទៅនៅក្នុងតំបន់អាស៊ាន ប្រទេសចិន និងបណ្តាប្រទេសជាច្រើននៅលើពិភពលោក។

លោកបានថ្លែងថា វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែមានភាពល្អប្រសើរ បើទោះបីជានិន្នាការនៃការលក់ខុនដូ បុរីនានា បានថមថយល្បឿនក្តី ឬជិតបោះឆ្នោត ក្នុងថ្ងៃខាងមុខក្ដី ព្រោះកម្ពុជាមានស្ថេរភាពនយោបាយល្អ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដូច្នេះស្ថានភាពនេះ មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។

គួរបញ្ជាក់ថា ក្នុងព្រឹត្ដិការណ៍តាំងពិព័រណ៍ អចលនទ្រព្យកម្ពុជាលើកទី១ ដែលបានប្រារព្ធធ្វើរយៈពេល២ថ្ងៃ កាលពីខែឧសភា ឆ្នាំ២០១៧នេះ គឺទទួលបានជោគជ័យខ្ពស់ ដោយបានទាក់ទាញ ភ្ញៀវជាង ៣,០០០នាក់ និងទទួលបានលទ្ធផលជាវិជ្ជមាន ដោយមានការលក់អចលនទ្រព្យ គិតជាទឹកប្រាក់ ប្រមាណ៣លានដុល្លារ ៕