(សៀមរាប)​៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រៅពីការចែករំលែកបទពិសោធន៍ និងព័ត៌មានគ្នាទៅវិញទៅមក ការបន្តកសាងធនធានមនុស្ស ពិសេសផ្នែកបច្ចេកវិទ្យា នៅតែជាចំណុចដែលត្រូវលើកកំពស់ ដើម្បីទប់ទល់ជាមួយ​ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងគោលបំណងអវិជ្ជា មានដោយក្រុមជនល្មើស ។

ការថ្លែងបែបនេះ​របស់សម្ដេចក្រឡាហោម​ ស ខេង ធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំ​អាស៊ី­អឺរ៉ុប អន្តោប្រវេសន៍ (ASEM) លើកទី១៤ ដែលមានរយៈពេល២ថ្ងៃគឺថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានការចូលរួមពី ​នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយកអន្តោប្រវេសន៍ នៃនគរបាលជាតិកម្ពុជា, លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប, លោក Jorma Vouno អគ្គនាយកអន្តោប្រវេសន៍ហ្វាំងឡង់ និងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា​តាមរយៈវេទិកា នៃកិច្ចប្រជុំមួយនេះ បានផ្ដល់នូវឱកាសដល់ប្រទេស ជាសមាជិកក្នុងការលើកយកនូវបញ្ហាពាក់ព័ន្ធនានា ស្ដីពី​ការគ្រប់គ្រងអន្តោប្រវេសន៍ ការផ្លាស់ប្ដូរព័ត៌មានអន្តោប្រវេសន៍ ជំនួយសង្គ្រោះដល់ជនរងគ្រោះ ពីអំពើរត់ពន្ធ និងជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសជាច្រើនសណ្ឋានទៀត មកពិភាក្សាគ្នា ហើយក៏បានផ្ដួចផ្ដើមគំនិតដាក់ចេញជាយន្ដការអនុវត្តសំខាន់ៗ ជាបន្តបន្ទាប់ និងដោយទទួលបានលទ្ធផល ជាទីមោទនៈនាពេលកន្លងទៅ​។

សម្ដេចបន្ថែមថា​ កិច្ចប្រជុំក៏មានកិច្ចសហប្រតិបត្តការ និងកិច្ចប្រជុំជាលក្ខណៈទ្វេភាគី និងតំបន់ជាច្រើនទៀតដែរ ដោយផ្ដោតជាសំខាន់លើការងារសន្ដិសុខ ការងារអន្តោប្រវេសន៍ និងការបង្ការ ទប់ស្កាត់ការលួចជ្រៀតចូលដោយខុសច្បាប់ សកម្មភាពភេវកម្ម ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងកិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់ជាកិច្ចប្រជុំ MMCT និង SOMTC ជាដើម​។

សម្ដេច ស ខេង ក៏បានលើកឡើងទៀតថា ទោះជាយ៉ាងនេះក្ដី ការលើកយកបញ្ជាក់ជូនខាងលើ គ្រាន់តែជាកិច្ចសហប្រតិបត្តការលើការងារពាក់ព័ន្ធ និងកិច្ចការអន្តោប្រវេសន៍ ហើយដែលស្ថិតក្នុងក្របខ័ណ្ឌអាស៊ាន និងតំបន់អាស៊ី​តែប៉ុណ្ណោះ ប៉ុន្ដែផ្អែក​តាមចរន្តថ្មី ការធ្វើបំលាស់ទីឆ្លងកាត់ព្រំដែននាពេលបច្ចុប្បន្ន ត្រូវបានគេមើលឃើញថា មានលក្ខណៈស្មុគ្រស្មាញ និងកាន់តែមានការវិវឌ្ឍន៍ទៅតាមការរីកចំរើន នៃបច្ចេកវិទ្យាទំនើប ហើយក៏មានការប្ដូរទិសដៅ ទៅកាន់តំបន់ផ្សេងៗ ជុំវិញពិភពលោក និងមានកម្មវត្ថុនៃការធ្វើដំណើរផ្សេងៗ ខុសប្លែកពីពេលកន្លងទៅដែរ​។

បើតាមសម្ដេចក្រឡាហោម ស ខេង របត់ប្រែប្រួលថ្មីនេះ គឺជាបញ្ហាប្រឈមថ្មីបន្ថែមទៀតដែរ សម្រាប់ការគ្រប់គ្រងលំហូរទេសន្ដប្រវេសន៍ដ៏ច្រើនសន្ធឹកសន្ធាប់ ការងារគ្រប់គ្រងអន្តោប្រវេសន៍ អំពើរត់ពន្ធ និងជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែននានា ហើយលើសពីនេះ វិបត្តិនៃសង្គ្រាមនៅស៊ីរី អ៊ីរ៉ាក់ និងមជ្ឈឹមបូព៌ា បាននាំមកនូវវិបត្តិ នៃជនស៊ីវិលរាប់លាននាក់ ដែលរត់ភៀសខ្លួនពីសង្រ្គាម ហើយការវាយប្រហារ ដោយក្រុមភេវករទៅលើបណ្ដាប្រទេស នៃសហគមន៍អឺរ៉ុប ដូចជា អង់គ្លេស និងបារាំង នាពេលកន្លងទៅបានបង្ករនូវសោកនាដកម្ម និងការបំផ្លិចបំផ្លាញ ដល់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអស់ជាច្រើន​។

​ក្រៅពីការចែករំលែកបទពិសោធន៍ និងព័ត៌មានគ្នាទៅវិញទៅមក ការបន្តកសាងធនធានមនុស្ស ពិសេសផ្នែកបច្ចេកវិទ្យា នៅតែជាចំណុចដែលត្រូវលើកកំពស់ ដើម្បីទប់ទល់ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងគោលបំណងអវិជ្ជាមានដោយក្រុមជនល្មើស​។ កម្ពុជា​ត្រង់ចំណុចនេះពិតជាការគួរឲ្យមោទនភាពមួយ ពិសេសចំពោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានខិតខំកសាងបានប្រកបដោយជោគជ័យ នូវប្រព័ន្ធគ្រប់គ្រងព្រំដែនថ្នាក់ជាតិរបស់ខ្លួនមួយឈ្មោះ ថា ប្រព័ន្ធគ្រប់គ្រងព្រំដែន (Cambodia Border Management System) ហៅកាត់ថា CBMS ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ ដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់មន្ត្រីជំនាញ​។

សម្ដេចមានសុទិដ្ឋិនិយមយ៉ាងមុតម៉ាំថា កិច្ចប្រជុំរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍អាស៊ី­អឺរ៉ុប ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃនេះ នឹងជួយបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក នូវកង្វះខាតនានា សម្រាប់តំបន់​ទាំងពីរលើយន្ដការ នៃការគ្រប់គ្រងលំហូរទេសន្តប្រវេសន៍ លើការងារគ្រប់គ្រងអន្តោប្រវេសន៍ និងការបង្ការទប់ស្កាត់រាល់សកម្មភាពក្រៅច្បាប់ រួមទាំងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកលើមូលដ្ឋាន នៃការកសាងធនធនមនុស្ស និងបច្ចេកវិទ្យានៅថ្នាក់ជាតិ និងកំរិតតំបន់ ដែលមានស្រាប់ឲ្យបានកាន់តែប្រសើរ មានវិសាលភាពកាន់តែទូលំទូលាយ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីសហការដោះស្រាយបញ្ហារួមជាកលទាំងឡាយ ដែលពុំមានប្រទេស ឬ​តំបន់ណាមួយអាចសម្រេចបាននូវជោគជ័យ លើបញ្ហាប្រឈមរួមជាសកលនេះ​ដោយខ្លួនឯងឡើង៕