(ភ្នំពេញ)៖ អង្គការសភាអាស៊ាន (AIPA) តាមរយៈរដ្ឋសភាកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសដ៏សំខាន់មួយថា នាថ្មីៗនេះ មានក្រុមនុស្សមួយចំនួន បាននិងកំពុងបន្លំខ្លួនធ្វើជា «សមាជិកសភាអាស៊ាន» ក្លែងក្លាយ ហើយប្រើប្រាស់ឈ្មោះសភាអាស៊ានយ៉ាងខុសច្បាប់ ខណៈដែលអាស៊ានមានសភារួមតែមួយប៉ុណ្ណោះ នោះគឺ អង្គការសភាអាស៊ាន (AIPA) នេះបើយោងតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។

តាមការប្រកាសរបស់អគ្គលេខាធិការរដ្ឋសភាកម្ពុជា នៅថ្ងៃនេះបានឱ្យដឹងថា កន្លងមក មានសមាជិកសភា និងអតីតសមាជិកសភា នៃប្រទេសសមាជិក អាស៊ានមួយចំនួន បានធ្វើសកម្មភាពតាមរយៈការប្រើប្រាស់ឈ្មោះថាជា «សមាជិកសភាអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស» (ASEAN Parliamentarians of Human Right) ហើយបានចេញសេចក្តីថ្លែងការណ៍មួយចំនួហន ដោយល្មើសនឹងគោលការចំបងរបស់អាស៊ាន ដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ។

រដ្ឋសភាបានប្រកាសទៀតថា បន្ទាប់ពីមានការស្នើសុំឱ្យបញ្ជាក់ពីការប្រើប្រាស់ឈ្មោះខាងលើនេះ អគ្គលេខាធិការដ្ឋាននៃអង្គការអន្តរសភាអាស៊ាន (AIPA) ដែលមានទីស្នាក់នៅទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា៖ អន្តរសភាអាស៊ាន (AIPA ត្រូវបានផ្តល់សិទ្ធិ និងទទួលស្គាល់ជាស្ថាប័នតំណាងផ្លូវការតែមួយគត់ របស់ស្ថាប័នមានសមាជិកសភាអាស៊ាន ដែលជាតំណាងឱ្យអន្តរសភាអាស៊ាន ឬក៏ជាតំណាងឱ្យសមាជិកសភាអាស៊ានផងដែរ។

អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជាក់ទៀតថា អាស្រ័យហេតុនេះ សូមសាធារណជន កុំមានការភាន់ច្រឡំ ព្រោះរបស់ដែលគេហៅថា «សមាជិកសភាអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស» គ្រាន់តែជាការរៀបចំរបស់មនុស្សមួយក្រុមតូច ដែលឆ្លៀតប្រើឈ្មោះសភាអាស៊ាន ដោយខុសច្បាប់តែប៉ុណ្ណោះ៕