(ប៉ៃលិន)៖ លោកឧត្ដមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កម្លាំងនគរបាលរបស់លោក បានសហការជាមួយកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការតាមបង្ក្រាប និងចាប់ខ្លួនជនជាតិវៀតណាមចំនួន១២នាក់ និងពលរដ្ឋខ្មែរម្នា​ក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ពីបុរសជនជាតិវៀតណាមម្នាក់។

លោកឧត្តមសេនីយ៍ស្នងការបានបន្តថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅចំណុចកន្លែងវីងយីហោ អេង ស៊ាន បានចំនួន០៤នាក់ (ស្រី០២នាក់) ដោយបាននាំទៅឃាត់ខ្លួនបន្តនៅបន្ទប់ជួល ស្ថិតក្នុងភូមិផ្សារព្រំបានចំនួន០៩នាក់ (ស្រី០២នាក់)។ បន្ទាប់មកកម្លាំងសមត្ថកិច្ចជំនាញ បានរំដោះជនរងគ្រោះឈ្មោះ វីង យ៉ាងតឹង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម រស់នៅប្រទេសវៀតណាម បានដោយសុវត្ថិភាព។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានប្រគល់ឲ្យកម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋានក្រសួងមហាផ្ទៃចាត់ការតាមផ្លូវច្បាប់៕