(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានដីឡូតិ៍ ស្ថិតនៅតំបន់អភិវឌ្ឍន៍ឬស្សីកែវ ក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានស្នើដល់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ពន្លឿនក្រុមការងារឲ្យចុះទៅវាស់វែងដីធ្លីជូនពួកគាត់។ ការទទូចនេះ បានធ្វើឡើងបន្ទាប់ពីមានម្ចាស់ដីឡូតិ៍ខ្លះកំពុងធ្វើបំពានទៅលើសេចក្តីសម្រេចរបស់ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈន រដ្ឋមន្រ្តីស្តីទីនៃទីស្តីការគណៈរដ្ឋមន្រ្តី ដោយបានទៅសង់សំណង់ និងធ្វើរបងព័ទ្ធទៅលើដីរបស់អ្នកដទៃទាំងមិនទាន់វាស់វែង។ យ៉ាងណាក៏ដោយ ជម្លោះដីដ៏រ៉ាំរៃនេះ បានកើតឡើង ដោយភាគីម្ខាងៗ តែងតែអះអាងលើហេតុផលរៀងៗខ្លួន ព្រមទាំងមានឯកសារសំអាងផងដែរ។

ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ប្រធានអាជ្ញាធរដោះស្រាយទំនាស់ដីធ្លី កាលពីខែមករា ឆ្នាំ២០១៧នេះ បានចេញសេចក្តីសម្រេចមួយដោយផ្តល់ដីឡូតិ៍ នៅតំបន់អភិវឌ្ឍន៍ឬស្សីកែវនេះជូនប្រជាពលរដ្ឋចំនួន ២៤គ្រួសារ ហើយក៏បានប្រកាសទទួលស្គាល់បណ្ឌកម្មសិទ្ធិដីធ្លី របស់ប្រជាពលរដ្ឋចំនួន ៦ឡូតិ៍ផងដែរ។

មកដល់ពេលនេះមានរយៈពេលជិត ១ឆ្នាំទៅហើយ សាលារាជធានីភ្នំពេញមិនទាន់ចុះវាស់វែងដីនេះ ទៅតាមការសម្រេចរបស់ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន នៅឡើយទេ។ ការយឺតយ៉ាវក្នុងការចុះវាស់វែងដីធ្លីនេះ បានធ្វើឲ្យម្ចាស់ដីឡូតិ៍មួយចំនួន បានព្រួយបារម្ភពីការបាត់បង់ដីរបស់ពួកគេ ព្រោះមានមនុស្សមកសាងសង់រោង និងរបងព័ទ្ធយកដីឡូតិ៍របស់ពួកគេ។

ម្ចាស់ដីឡូតិ៍លេខ ៤៧, ៤៩, ៥១ និង៥៣ នៅផ្លូវលេខ ១៧១៩ និងម្ចាស់ដីឡូតិ៍លេខ ៤៤, ៤៦, ៤៨ និង ៥០ នៅផ្លូវលេខ១៧២១ បានបញ្ជាក់ថា នៅពេលថ្មីនេះ មានស្រ្តីម្នាក់ បានមកសាងសង់រោង និងធ្វើរបងព័ទ្ធទៅលើដែលជាចំណែកកម្មសិទ្ធិរបស់ពួកគាត់។ តែយ៉ាងណាក៏ដោយ ម្ចាស់សំណង់បានចេញមកអះអាងថា គាត់មានឯកសារកាន់កាប់ និងទទួលស្គាល់ពីអាជ្ញាធរអស់រយៈពេល ជាង២០ឆ្នាំមកហើយ មិនបានទៅសង់រំលោភ យកទាំងខុសច្បាប់នោះឡើយ។ តែសម្រាប់លោកស្រីជាម្ចាស់សំណង់ ក៏បានឆ្លើយតបវិញថា ដោយសារតែលោកស្រីមានឯកសារកាន់កាប់ត្រឹមត្រូវ ទើបទៅសាងសង់សំណង់នេះ ប៉ុន្តែមិនមែនជាសំណង់រឹងមាំនោះឡើយ។ លោកស្រីបានសង្កត់ធ្ងន់ថា បើចង់បង្ហាញឯកសារ គឺលោកស្រីមានគ្រប់គ្រាន់ទាំងអស់។

ដើម្បីការពារដីរបស់ពួកគេនោះ ម្ចាស់ដីឡូតិ៍ខាងលើនេះ បានស្នើលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះវាស់វែងដីទាំងអស់បែងចែកពួកគេឲ្យបានឆាប់។ «យើងខ្ញុំជាម្ចាស់ដីឡូតិ៍នីមួយៗ សូមគោរពស្នើសុំឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចុះអនុវត្តន៍នូវសេចក្តីសម្រេចរបស់ថ្នាក់ជាតិ ដើម្បីយើងខ្ញុំធ្វើប័ណ្ណកម្មសិទ្ធិ និងចូលកាន់កាប់ ចាត់ចែង អាស្រ័យផល ចាក់ដី និងធ្វើរបងបាន»

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ដីនៅតំបន់នោះមានភាពស្មុគស្មាញខ្លាំង​ តែទោះបីជាយ៉ាងសាលារាជធានីភ្នំពេញ កំពុងបង្កើតគណៈកម្មការ ដើម្បីចុះវាស់វែងជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ៕