(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានថ្លែងកោតសរសើរដល់មន្ត្រីក្រោមឱវាទ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានខិតខំរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខណ្ឌ ផ្លូវច្រាំងបាក់ក្នុងសង្កាត់ច្បារអំពៅទី២, ផ្លូវ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី១ និងសង្កាត់ព្រែកប្រា បានល្អប្រសើរធ្វើឲ្យមានការអបអរពីប្រជាពលរដ្ឋទូទៅ។

លោកបានឲ្យដឹងទៀតថា កន្លងមកនេះនៅដងផ្លូវជាតិលេខ១ ចាប់ពីចំណុចគល់ស្ពានក្បាលថ្នល់ រហូតដល់ចំណុចមុខវត្តនិរោធ តែងតែមានការកកស្ទះជាប្រចាំ ដោយសារតែមានការឈប់ និង ចតយាន្តយន្ត ពីសំណាក់អ្នកដំណើរ និង​ជាពិសេសអ្នករត់ឡានតាក់ស៊ី គ្មានសណ្តាប់ធ្នាប់លើដងផ្លូវ។ ក្រោយពីផ្លូវជាតិលេខ១ ស្ថាបនារួចមក, រដ្ឋបាលខណ្ឌច្បារអំពៅ បានដាក់វិធានការណ៍យ៉ាងតឹងរឹង ដោយមិនឲ្យមានការឈប់ឬ ចត លើដងផ្លូវ ឬលើចិញ្ចើមផ្លូវនោះទេ។

តាមរយៈនេះ រដ្ឋបាលខណ្ឌ ដាក់កម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ និងប្រចាំការជាប់ជាប្រចាំ តាមដងផ្លូវជាតិលេខ១នេះ ដោយមិនមានឲ្យការឈប់ ឬចត បង្កភាពរញ៉េរញ៉ៃ ដូចពេលមុនទៀតឡើយ។ លោក ក៏បានបញ្ជាក់ផងដែរថា «ថ្មីៗកន្លងមកនេះ ទោះបីជារដ្ឋបាលខណ្ឌមានវិធានការតឹងរឹង លើបញ្ហាសណ្តាប់ធ្នាប់នេះ តែក៏នៅមានអ្នករត់តាក់ស៊ីមួយចំនួនតូច ឆ្លៀតលួចឈប់ដាក់ម៉ូយ ឬ រកម៉ូយតាមដងផ្លូវនេះ ប៉ុន្តែករណីនេះក៏ត្រូវបានកំលាំងសណ្តាប់ធ្នាប់ និងសមត្ថិកិច្ចរបស់ខណ្ឌឃាត់យកមកណែនាំ និងធ្វើកិច្ចសន្យាផងដែរ»។

លោក ចេង មុនីរ៉ា បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែកញ្ញា។

ទាក់ទងនឹងបញ្ហាសណ្តាប់ធ្នាប់នេះ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ ក៏បានលើកឡើងផងដែរថា ការងារសណ្តាប់ធ្នាប់សាធារណៈ មិនអាចតែខណ្ឌធ្វើម្នាក់ឯងនោះទេ ទាមទាមានការចូលរួមពីអាជ្ញាធរសង្កាត់ ដែលមានការពាក់ព័ន្ធ បើមិនដូច្នេះទេ បញ្ហានេះមិនបានល្អទេ គឺដូចវែកចក។

លោកបានលើកឡើងថា «សព្វថ្ងៃនេះ តាមផ្លូវជាតិលេខ១ ចាប់ពីចំណុចមុខបូរីប៉េងហួត ដល់ចំណុចព្រំប្រទល់សង្កាត់វាលស្បូវ មានអ្នកលក់ងៀវ និងអ្នកធ្វើរានទេវតា បានដាក់តាំងលក់នៅលើផ្លូវថ្មើរជើងហើយ បញ្ហានេះ បើអាជ្ញាធរ មិនទៅទប់ស្កាត់ទេ ពិតជាពិបាកទៅថ្ងៃមុខ។ ដូចនេះ សង្កាត់និមួយៗត្រូវតែទៅអនុវត្តកិច្ចការនេះឲ្យបាន»៕