(ភ្នំពេញ)៖ ក្រោមកិច្ចសហការជាដៃគូ ជាមួយរាជរដ្ឋាភិបាល ដើម្បីផ្ដល់នូវអត្ថប្រយោជន៍ដល់អ្នកធ្វើដំណើរ អ្នកបើកបរ និងទីក្រុង នៅកម្ពុជា ក្រុមហ៊ុន «Uber» នាំយកបច្ចេកវិទ្យា «Ridesharing» មកកាន់ប្រទេសកម្ពុជា ដើម្បីផ្ដល់ភាពងាយបំផុតដល់អ្នកដំណើរ នៅក្នុងការស្វែងរកទីតាំងដែលត្រូវធ្វើដំណើរទៅ តាមរយៈសេវាកម្មដឹកជញ្ជូន ដ៏មានសុវត្ថិភាព របស់ «Uber» ដែលជាក្រុមហ៊ុនដឹកអ្នកដំណើរ ដ៏ល្បីទូទាំងពិភពលោក។ ជាការពិតអតិថិជន គ្រាន់តែចុចប៊ូតុងមួយលើស្មាតហ្វូនរបស់ខ្លួន នឹងទទួលបានសេវាដឹកជញ្ជូន ធ្វើដំណើរតម្លៃសមរម្យ មានទំនុកចិត្ត និងសុវត្ថិភាព ក៏ដូចជាមធ្យោបាយថ្មី ងាយស្រួលក្នុងការរកប្រាក់ចំណូលបន្ថែម ដោយសារ Uber បង្ហាញវត្តមានរបស់ខ្លួនក្នុងរាជធានីភ្នំពេញ។
លោក Brooks Entwistle នាយកគ្រប់គ្រងអាជីវកម្ម ក្រុមហ៊ុន Uber បានថ្លែងនៅក្នុងពិធីបើកសម្ពោធ ចាប់ផ្ដើមដំណើរការក្រុមហ៊ុន Uber នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ថា «យើងខ្ញុំពិតជារំភើបរីករាយក្រៃលែង ក្នុងការសម្ពោធដំណើរការបច្ចេកវិទ្យា Ridesharing នៅកម្ពុជា ដើម្បីបម្រើសេវាជូនអ្នកធ្វើដំណើរ អ្នកបើកបរជាដៃគូ និងអ្នករស់នៅរាជធានីភ្នំពេញ។ ពិធីសម្ពោធនេះ ជាសក្ខីភាពបង្ហាញពីកម្លាំងចលកររបស់យើង ដែលកំពុងរីកចម្រើនជោគជ័យ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ យើងពិតជាមិនអាចសម្រេច ជោគជ័យនេះបានទេ បើគ្មានការចូលរួមគាំទ្រ និងសហការយ៉ាងជិតស្និទ្ធ ពីរាជរដ្ឋាភិបាលកម្ពុជា»។
លោកបន្តថា Uber សូមសម្ដែងនូវអំណរសាទរ ដែលកម្ពុជាមានមធ្យោបាយដឹកជញ្ជូនទំនើបមួយចំនួន ដែលឆ្លើយតបនឹងតម្រូវការ ក្នុងតំបន់អាស៊ី។ ជាក់ស្តែងកម្ពុជា ជាប្រទេសដំបូងគេបង្អស់ នៅអាស៊ីដែលចាប់ផ្ដើមអនុវត្តការងារ ឲ្យប្រើប្រាស់បច្ចេកវិទ្យា Ridesharing មុនពេលសេវាកម្ម Ridesharing របស់ក្រុមហ៊ុន Uber សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ ទាំងនេះជាការរួមចំណែក ដល់វិស័យសេដ្ឋកិច្ច ជាមួយសក្ដានុពលឈានមុខគេ ក្នុងចំណោមបណ្ដាប្រទេសដទៃទៀត ក្នុងតំបន់ដែលអាចឆ្លើយតបទៅនឹង បច្ចេកវិទ្យា និងឱកាសថ្មីៗ។
ដោយឡែក ផែង សុវិជ្ជានោ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានថ្លែងផងដែរថា «ក្រសួងសាធារណការ និងដឹកជញ្ជូន មានទស្សនៈវិស័យ និងការប្ដេជ្ញាខ្ពស់ ក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយធ្វើដំណើរ បែបទំនើបប្រកបដោយគុណភាព ទំនុកចិត្ត និងសុវត្ថិភាព។ ហេតុនេះ ក្រសួងបានសហការ ជាមួយក្រុមហ៊ុន Uber រយៈពេលប្រាំមួយខែ ដើម្បីស្វែងយល់ និងនាំមកនូវប្រព័ន្ធមធ្យោបាយដឹកជញ្ជូន «shared mobility» ថ្មី ដូចជាបច្ចេកវិទ្យាកម្មវិធី Ridesharing នេះជាដើម។ ការសម្ពោធកម្មវិធី Uber ថ្ងៃនេះ បង្ហាញឲ្យឃើញពីការរួមចំណែក របស់រាជរដ្ឋាភិបាល ជាមួយវិស័យឯកជន ក្នុងការផ្ដល់នូវអត្ថប្រយោជន៍ ពីបច្ចេកវិទ្យាថ្មី។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមសម្ដែងនូវការអបអរសាទរ ចំពោះការសម្ពោធកម្មវិធីនេះនៅកម្ពុជា ក៏ដូចជាសង្ឃឹមថា វានឹងទទួលបានជោគជ័យ នៅតំបន់អាស៊ីនេះ!»។
ជាមួយគ្នានឹងកម្មវិធីបើកសម្ពោធ ឲ្យដំណើរការនៅពេលនេះ ក្រុមហ៊ុន Uber និងក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានចុះហត្ថលេខា លើអនុស្សរណយោគយល់ (MOU) ស្ដីអំពីកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធក្នុងការជំរុញបច្ចេកវិទ្យា និង«shared mobility»” ដើម្បីបម្រើសេវាកម្មដល់កម្ពុជា និងប្រជាជនរបស់ខ្លួន។
ជាសក្ខីភាពក្នុងឱកាសដ៏វិសេសវិសាលនេះ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានថ្លែងឲ្យដឹងថា «Uber នាំមកនូវបច្ចេកវិទ្យាច្នៃបង្កើតថ្មីមកកាន់កម្ពុជា ដើម្បីផ្ដល់ជូននូវជម្រើសមធ្យោបាយដឹកជញ្ជូន ធ្វើដំណើរថ្មីមួយសម្រាប់អ្នកដំណើរ ក៏ដូចជាឱកាសរកចំណូល សម្រាប់អ្នកបើកបរផងដែរ។ នេះជាគំរូឧទាហរណ៍ដ៏ល្អមួយ សម្រាប់វិស័យឯកជនដែលបានចូលរួម សហការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ ពីបច្ចេកវិទ្យាថ្មី។ អរគុណចំពោះកិច្ចសហប្រតិបត្តិការនេះ កម្ពុជា នឹងមានគម្រោងបច្ចេកវិទ្យានិយ័តភាព ជឿនលឿនបំផុតសម្រាប់បច្ចេកវិទ្យា Ridesharing ក្នុងតំបន់អាស៊ី!»។
សូមបញ្ជាក់ថា រាជធានីភ្នំពេញ នឹងចូលរួមជាមួយទីក្រុងជាង ៦០០ ផ្សេងទៀត ទូទាំងពិភពលោក ដែលមានប្រើប្រាស់បច្ចេកវិទ្យា Ridesharing នេះ ហើយកម្ពុជាក្លាយជាប្រទេសទី៧៨ ដែល Uber កំពុងដំណើរការ ឥឡូវនេះ។ អ្នកធ្វើដំណើរអាចនឹងធ្វើដំណើរ ជាមួយសមាជិក Uber ណាមួយ ដែលជាអ្នកបើកបរផ្ទាល់ខ្លួន ឬជាតាក់ស៊ី។ ដើម្បីអបអរការសម្ពោធរបស់ខ្លួន នៅរាជធានីភ្នំពេញ Uber ធ្វើការផ្ដល់ជូននូវការធ្វើដំណើរ ដោយឥតគិតថ្លៃចំនួន១០ដង ដែលមានតម្លៃរហូតដល់៤ ដុល្លារក្នុងមួយដង រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧។ អ្នកធ្វើដំណើរ គ្រាន់តែបញ្ចូលលេខកូដផ្ដល់ជូនពិសេស «UberPPLaunch» នេះក្នុងកម្មវិធី Uber របស់ខ្លួនដែលអាចទាញយក បានពី App Store ឬ Google Play។
Uber ជាក្រុមហ៊ុនដែលមានបេសកកម្ម ប្រែក្លាយមធ្យោបាយដឹកជញ្ជូន ធ្វើដំណើរជាទីទុកចិត្តដូចចរន្តទឹកហូរ ទៅកាន់គ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា។ Uber បានបង្កើតឡើងនៅឆ្នាំ២០១០ ដើម្បីដោះស្រាយបញ្ហាដ៏សាមញ្ញមួយ គឺធ្វើដូចម្ដេចទើបអាចរកមធ្យោបាយ ធ្វើដំណើរបាន ដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ ប្រាំពីរឆ្នាំក្រោយមក និងបន្ទាប់ពីការអនុវត្តជាក់ស្តែង ជាង៥ពាន់លានដងរួចមក Uber បានចាប់ផ្ដើមពិនិត្យរកដំណោះស្រាយ បញ្ហាប្រឈមកាន់តែប្រសើរឡើងដូចជា ការកាត់បន្ថយការកកស្ទះ និងការបំពុលបរិស្ថាន ក្នុងទីក្រុងដោយលើកទឹកចិត្តមនុស្សជាច្រើន ឲ្យប្រើប្រាស់រថយន្តតែមួយចំនួនប៉ុណ្ណោះ៕