(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានជឿជាក់ថា បារាំងនឹងបន្តរក្សាកិច្ចសហប្រតិបត្តិការល្អជាមួយនឹងកម្ពុជា ហើយសម្តេចបានស្នើឱ្យលោកស្រីឯកអគ្គរដ្ឋទូតបារាំង ជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ពីបារាំងមកកាន់កម្ពុជាបន្ថែមទៀត។

ការលើកឡើងរបស់សម្តេច ហេង សំរិន បានធ្វើឡើង នៅក្នុងជំនួបជាមួយ លោកស្រី Eva Nguyen Binh អគ្គរដ្ឋទូតថ្មីរបស់បារាំងប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ។

សម្តេច ហេង សំរិន បានវាយតម្លៃខ្ពស់ពីវឌ្ឍនៈភាពពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង​នេះបានប្រែក្លាយទៅ​ជាសមិទ្ធផល​ជាក់ស្តែង យ៉ាងច្រើនដែលបានផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក និងរួមចំណែកដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។

សម្តេចសង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មី នឹងបន្តកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ដើម្បីឲ្យមានភាពជិតស្និតជាមួយបណ្តាក្រសួងស្ថាប័ន​រាជធានី ខេត្ត ក្រុងនានា គឺធ្វើយ៉ាងណាសំដៅជំរុញ កិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ ដែលហ្នឹងផ្តល់ផ្លែផ្កាកាន់តែច្រើនបន្ថែមទៀត។

ថ្លែងក្នុងឱកាសនោះ ​លោកស្រីឯកអគ្គរដ្ឋទូតបារាំង  បានកោតសរសើរពីកិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉ារីស និងរាជធានីភ្នំពេញ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និត ហើយកិច្ចសហការកម្ពុជា-បារាំង បានគ្រប់ដណ្តប់នៅគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយស្ថាប័ន នីតិបញ្ញាតិ្តរដ្ឋសភាកម្ពុជា។

លោកស្រី បានបន្តថា បច្ចុប្បន្ននេះកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង​ គឺមានការកើនឡើងទ្វេដងទាំងវិស័យពាណិជ្ជកម្ម វិនិយោគអបរំ វប្បធម៌ជាដើម។ ប្រទេសបារាំងនៅតែជាគោលដៅចំបងរបស់និស្សិតកម្ពុជា ដើម្បីទៅសិក្សា ហើយកិច្ចសហប្រតិបត្តិការបច្ចុប្បន្នជាមួយកម្ពុជា ពាក់ព័ន្ធជាមួយការពង្រីកក្រុង និងកិច្ចសហប្រតិបត្តិការផ្នែកថែរក្សាបេតិកភណ្ឌ វប្បធម៌ ជាពិសេសនៅតំបន់អង្គរវត្ត និងទទួលបានផ្លែផ្កាបន្ថែមទៀត៕