(ព្រះសីហនុ)៖ លោក វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តីពាក់ព័ន្ធ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០១៧ របស់បេឡាជាតិសន្តិសុខសង្គម នៅខេត្តព្រះសីហនុ។

នៅក្នុងពិធីនោះ លោក យី យ៉ូន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា ក្នុងនាម ក្រសួងសង្គមកិច្ច និងជាអាណាព្យាបាលបច្ចេកទេស លោកបានផ្តល់អនុសាសន៍ និងជាទិសដៅអនុវត្តបន្ត មួយចំនួន ដូចជា ត្រូវជំរុញការអនុវត្តតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ឱ្យមានប្រសិទ្ធភាពស្រប តាមការចាត់តាំងរបស់រាជរដ្ឋាភិបាល និងពិនិត្យលើគ្រប់យន្តការ និងនីតិវិធីសមស្របនានា ដើម្បីអនុវត្តតាមបទប្បញ្ញត្តិថ្មីស្តីពីគ្រឹះស្ថានសាធារណៈរដ្ឋបាល

ជាមួយគ្នានោះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអរគុណចំពោះថ្នាក់ដឹកនាំ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រី រាជការស៊ីវិល ដែលបានជ្រើសរើសយកខេត្តព្រះសីហនុ ធ្វើជាទីកន្លែងសម្រាប់ប្រារព្វពិធីកិច្ចប្រជុំបូកសរុប លទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០១៧។

លោក យន្ត មីន បានបន្តថា មន្ទីរសង្គមកិច្ច ខេត្តព្រះសីហនុ បាននិងកំពុងគ្រប់គ្រង និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ និងអ្នកនៅក្នុងបន្ទុក សរុបចំនួន១,៤៩៦នាក់។ ចំពោះការបើកផ្តល់របបសន្តិសុខសង្គមជូននិវត្តជន ជនបាត់បង់ សម្បទាវិជ្ជាជីវៈ និងអ្នកនៅក្នុងបន្ទុក ជាមធ្យមក្នុងមួយខែៗមន្ទីរសង្គមកិច្ច អតីតយុទ្ធជន នឹងយុវនីតិសម្បទា ត្រូវប្រើប្រាស់ថវិកាប្រមាណជាង ៣៧០លានរៀល៕