(កែប)៖ ដោយមានការចង្អុលបង្ហាញពីលោក ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រសួងទេសចរណ៍ បានរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាញសេវាកម្មទទួលភ្ញៀវទេសចរ ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ នៅក្នុងការជំរុញលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍។

វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែប និងមានការចូលរួមពីសំណាក់សិក្ខាកាម ដែលរួមមានមន្រ្តីរាជការ អាជ្ញាធរខេត្តកែប ប្រតិបត្តិករទេសចរណ៍ និងធុរជនក្នុងវិស័យទេសចរណ៍សរុបប្រមាណ៥០នាក់។

ការបង្កើតវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ ក៏ដើម្បីបង្កើននូវជំនាញក្នុងការផ្តល់សេវាកម្មទទួលភ្ញៀវទេសចរ ជាមួយនឹងការផ្តល់បដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះ ដើម្បីត្រៀមទទូលភ្ញៀវទេសចរមកទស្សនាកាន់ខេត្តតំបន់ឆ្នេរមួយនេះ ជាពិសេសសម្រាប់ត្រៀមទទួលភ្ញៀវទេសចរ នាឱកាសព្រឹត្តិការណ៍បុណ្យសមុទ្រ នៅខេត្តកែប ក្នុងខែធ្នូខាងមុខនេះ។

នៅក្នុងឱកាសពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ លោក ប៉ាក់ សុខុម បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខ លើការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ដែលធ្វើឲ្យវិស័យនេះមានកំណើនឥតឈប់ឈរ ក្នុងរយៈកាលជាងមួយទសវត្សន៍ចុងក្រោយនេះ តាមរយៈការដាក់ចេញនូវផែនការអភិវឌ្ឍវិស័យទេសចរណ៍ ដែលមានការគិតគូរហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសផែនការកំណែទម្រង់វិស័យទេសចរណ៍ ២០១៥-២០១៨ ដោយផ្តោតលើមុំ៤ ជាអាទិភាព៖

មុំទី១៖ ពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ «សេវាមួយ ស្តង់ដាមួយ» តាមរយៈការដាក់ចេញ និងការអនុវត្តស្តង់ដារបៃតងសម្រាប់ផលិតផល និងសេវាទេសចរណ៍ទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់តំបន់អាស៊ាន។

មុំទី២៖ ពង្រឹងការផ្សព្វផ្សាយទេសចរណ៍ និងការអភិវឌ្ឍផលិតផលទេសចរណ៍ ប្រកបដោយភាពទាក់ទាញ និងច្នៃប្រឌិត។

មុំទី៣៖ ពង្រឹងធនធានមនុស្សក្នុងវិស័យទេសចរណ៍ «បុគ្គលិកម្នាក់ ជំនាញមួយ» ពិសេសការបណ្តុះបណ្តាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របតាមស្តង់ដារអាស៊ាន។

មុំទី៤៖ ជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ក្នុងវិស័យទេសចរណ៍ (E-tourism) រួមមានការរៀបចំឲ្យមានការចុះបញ្ជីអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធ Online និងប្រព័ន្ធគ្រប់គ្រងមគ្គុទ្ទេសក៍ទេសចរណ៍ Online។

ក្រៅពីវគ្គបណ្តុះបណ្តាលនេះ ក្រសួងទេសចរណ៍ នឹងបន្តបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល លើជំនាញទេសចរណ៍ផ្សេងៗបន្ថែមទៀត នៅតាមបណ្តាខេត្តគោលដៅទេសចរណ៍ សំដៅធានាឲ្យបានថា ធនធានអ្នកជំនាញទេសចរណ៍ឆ្លើយតប ទៅនឹងតម្រូវការទីផ្សារទេសចរណ៍ទាំងគុណភាព សមត្ថភាព និងបរិមាណ។

គួរកត់សម្គាល់ថា រយៈពេល៧ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណ ៣,៦១៦,៨៨៥ នាក់កើនឡើងប្រមាណ ១៣.៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។ តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ ជាមួយនឹងចំណូលសរុបប្រមាណ ៥ពាន់លានដុល្លា និងបង្កើតការងារដោយផ្ទាល់ប្រមាណជិត ១លាននាក់៕