(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុក សុវណ្ណរិទ្ធ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនបរទេសម្នាក់ ដែលបានវាយកម្ទេចស្លាកប៉ាណូផ្សព្វផ្សាយ របស់គណបក្សប្រជាជននៅខណ្ឌដូនពេញ ទៅដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំវិនិច្ឆ័យទោសជាក្រោយ។ ការចេញដីការបង្គាប់នេះធ្វើ ឡើងបន្ទាប់ពីលោក សឿន មុន្នីរត្ន័ ព្រះរាជអាជ្ញារង ចោទប្រកាន់ជនបរទេសរូបនេះ ពីបទបំផ្លិចបំផ្លាញតាមក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង២០៖៣០នាទីយប់ នៅតាមបណ្តោយផ្លូវលេខ៩០ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានករណីជនបរទេសម្នាក់ ជនជាតិណូវេល បានដើរតាមបណ្តោយផ្លូវលេខ៩០ មុខសាលាខណ្ឌដូនពេញចាស់ រហូតដល់មុខមន្ទីរគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ ស្រាប់តែជនបរទេសនោះ ដើរមកវាយកញ្ចក់ប៉ាណូ ផ្សព្វផ្សាយរបស់គណបក្សប្រជាជនកម្ពុជា នៅមុខមន្ទីរគណបក្សខណ្ឌដូនពេញ រួចក៏រត់សំដៅចូលមកក្នងផ្ទះសំណាក់ «មុនីវង្ស» ខាងជើងសាលារាជធានីភ្នំពេញ។

ក្រោយមកកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះទៅដល់ផ្ទះសំណាក់នោះ នៅជាន់ទី៣ ក៏បានឃើញជនបរទេសនោះ កំពុងសំងំនៅក្នុងបន្ទប់លេខ៣៣៣ បន្ទាប់មកកម្លាំងអាជ្ញាធរបានឲ្យគាត់ចុះមកក្រោមដើម្បីជិះរថយន្តទៅមន្ទីរពេទ្យដើម្បីដេរមុខរបួស។

ជនបរទេសនោះ ក៏បានឡើងរថយន្តគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ជិះមកមណ្ឌលសុខភាពខណ្ឌដូនពេញ តាមការស្នើរសុំរបស់អាជ្ញាធរ ដើម្បីព្យាបាលមុខរបួស និងអនុវត្តវិធានការច្បាប់នៅពេលក្រោយ៕