(ភ្នំពេញ)៖ «ពីក្រុងភ្នំពេញ ទៅញូវយ៉ក តើគេធ្វើអ្វីខ្លះនៅអង្គការសហប្រជាជាតិ?» គឺជាចំណងជើងនៃសៀវភៅមួយដ៏ថ្មីស្រឡាង ត្រូវបានចេញផ្សាយជាសាធារណៈហើយ កាលពីថៃ្ងអង្គារ៌ ពុធនេះ ។
លោក យោងចាន់ សុភារ ជាអ្នកការទូតវ័យក្មេងមួយរូប ប្រចាំនៅអង្គការសហប្រជាជាតិ បានចំណាយពេលជិត២ឆ្នាំ ទម្រាំសរសេរសៀវភៅមួយក្បាលនេះចប់។
នៅក្នុងសៀវភៅដែលមានរំលេចក្របខាងមុខ ដោយស្លាកអសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ លោក យោងចាន់ សុភារ បាននិយាយប្រាប់ថា ក្រៅពីរៀបរាប់ពីការងារការទូត និងកិច្ចការដ៏ចាក់ស្រេះនៅអង្គការសហប្រជាជាតិ លោកក៏បានបរិយាយពីការប្រជែងអសនៈកម្ពុជា នៅអង្គការសហប្រជាជាតិរវាងរដ្ឋាភិបាលកម្ពុជាពេលនោះ និងក្រុមខ្មែរក្រហម អំពីដំណើរការក្តីក្តាំនៃប្រាសាទព្រះវិហារជាមួយថៃ និងការសុំខ្ចីផែនទីកម្ពុជានៅ UN មកផ្ទៀងផ្ទាត់នៅភ្នំពេញ ដែលរូបលោកផ្ទាល់បានសួរនាំនៅបណ្ណាល័យ Dag Hammarskjold នៅក្រុងញូវយ៉ក តាមការណែនាំពីរាជរដ្ឋាភិបាលក្រុងភ្នំពេញ។
លោកបានបន្ថែមថា បើចង់ដឹងថា ការជ្រើសរើសអគ្គលេខាធិការអង្គការសហប្រជាជាតិយ៉ាងដូចមេ្តច តើគាត់មានអំណាចដូចជា នាយករដ្ឋមន្រ្តីនៃប្រទេសមួយដែរឬទេ? និងបើចង់ដឹងថា សេចក្តីសម្រេចនៅមហាសន្និបាត និងនៅក្រុមប្រឹក្សាសន្តិសុខ មានទម្ងន់ដូចគ្នាឬទេ? និងបោះឆ្នោតគេយកសំឡេងបែបម៉េច? ចរចាបែបណា និងពាក់ព័ន្ធអ្វីខ្លះសំរាប់កម្ពុជា និងកម្ពុជាមានបានដាក់បេក្ខភាពអ្វីខ្លះនៅអង្គការសហប្រជាជាតិ? សូមស្វែងរកអានសៀវភៅខាងលើនេះ។
លោក យោងចាន់ សុភារ បានឆ្លងកាត់ជាអ្នកការទូតទៅបំពេញបេសកកម្ម នៅក្រុងញូយ៉កអស់ រយៈពេល៦ឆ្នាំ បូករួមទាំងអណ្ណតិទី១ កាលពីឆ្នាំ២០០៥។ បច្ចុប្បន្នលោក ជាប្រធាននាយកដ្ឋាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកក៏ជាសាស្រ្តាចារ្យក្រៅម៉ោង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៃដេប៉ាតដឺម៉ង់សិក្សាអន្តរជាតិ។
លោក សុភារ ថានិយាយថា មូលហេតុដែលលោកសម្រេចចិត្តសរសេរសៀវភៅមួយក្បាលនេះ ព្រោះលោក «ចង់ឲ្យអ្នកអាន អ្នកសិក្សាខ្មែរយើងមានចំណេះទូលាយ យល់ដឹងពីអ្វីដែលគេបាននិងកំពុងធ្វើលើឆាកអន្តរជាតិ និងថា ការយល់ដឹងពីការវិវឌ្ឍក្នុងប្រទេសតែមួយមុខមិនគ្រប់គ្រាន់ទេ យើងត្រូវបើកចក្ខុវិស័យឱ្យទូលាយទៅកាន់កិច្ចការពិភពលោក ដែលកំពុងវិវឌ្ឍន៍យ៉ាងលឿនស្លេវនាពេលបច្ចុបន្ននេះ»។
លោក សំណូមពរមិត្តអ្នកអាន ស្វែងរកជាវសៀវភៅច្បាប់ដើម និងគួរជៀសវាងការលួចថតចម្លងចែកចាយ ដែលជាអំពើខុសច្បាប់ទៅនឹងកម្មសិទ្ធបញ្ញា៕