(អឺរ៉ុប)៖ ដោយមើលឃើញពីគុណសម្បត្តិជាច្រើន របស់គណបក្សប្រជាជនកម្ពុជា បងប្អូនប្រជាពលរដ្ឋជាច្រើនរយនាក់ ដែលរស់នៅក្នុងប្រទេសចំនួន៣រួមមាន ប្រទេសអាល្លឺម៉ង់ ស្វីសនិងប្រទេសអង់គ្លេស បានចូលរួមក្នុងពិធីប្រកាសសមាជិកគណបក្សប្រជាជនកម្ពុជា និងទទួលស្គាល់ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានលោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេស ក្នុងពេលដែលបំពេញទស្សនកិច្ចនៅតំបន់អឺរ៉ុប។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការរៀបចំក្រុមការងាររៀបចំអង្គការចាត់តាំង គណបក្សប្រជាជននៅក្រៅប្រទេស របស់គណបក្សប្រជាជនកម្ពុជា គឺជាការចង់បានរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស ដែលមានឆន្ទៈការគាំទ្រ និងការស្រលាញ់ចំពោះគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមសកម្មភាពគណបក្ស ហើយការរៀបចំនេះ ក៏មិនខុសពីគណបក្សនយោបាយដទៃ ដែលបានធ្វើសកម្មភាពកន្លងមកនៅក្រៅប្រទេស។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជានៅជាមួយប្រជាជន បម្រើប្រជាជន ព្រោះយើងមានគោលការច្បាស់ ជួយប្រជាជនគ្រប់ទីកន្លែងទាំងក្នុង និងក្រៅប្រទេស រួមមាននិស្សិត ប្រជាពលរដ្ឋ កម្មករ ពលករជាដើម។ យើងមានឆន្ទៈរួមគ្នា យើងស្រលាញ់គណបក្សប្រជាជនកម្ពុជា យើងឲ្យតម្លៃគណបក្សនេះ ព្រោះបានជួយជីវិតមនុស្ស ព្រមទាំងហ៊ានលះបង់ជីវិតតស៊ូ ស្វែងរកសុខសន្តិភាព ជូនប្រជាជនមកដល់ថ្ងៃនេះ»។
ប្រធានក្រុមការងាររូបនេះ បានបន្ថែមថា សូមបងប្អូនជឿទុកចិត្តនូវភាពរឹងមាំរបស់គណបក្សប្រជាជន ទុកចិត្តទៅលើការសម្រេចចិត្តរបស់បងប្អូន ជឿទុកចិត្តលើស្មារតីរួបរួមគ្នា ដើម្បីគណបក្សប្រជាជនឈ្នះ និងបន្តឈ្នះ។ លោកបានថ្លែងអំណរគុណ ដល់សមាជិកចំពោះការទុកចិត្ត ការផ្តល់តម្លៃទៅលើអ្វីដែលគណបក្ស បានធ្វើចំពោះជាតិមាតុភូមិ។
តាមការបញ្ជាក់របស់ លោក ហួត ហាក់ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនប្រចាំនៅទ្វីបអឺរ៉ុប បានឲ្យដឹងថា ពិធីប្រកាសសមាជិកគណបក្សប្រជាជនកម្ពុជា និងទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានលោក ហ៊ុន ម៉ាណែត និងមានការចូលរួមពីសំណាក់ប្រធានគណៈកម្មាការបក្ស តាមប្រទេសនីមួយៗ និងក្រុមការងារយុវជនគណបក្សប្រជាជន ប្រចាំនៅទ្វីបអឺរ៉ុប សមាជិក សមាជិការបក្សជាច្រើនរូបផងដែរ៕