(កែប)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំដាក់ផែនការត្រៀមរៀបចំពិធីបុណ្យសមុទ្រ នៅសាលាខេត្តកែប នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក កែន សត្ថា អភិបាលខេត្តកែប បានចុះត្រួតពិនិត្យទីតាំងដែលត្រូវរៀបចំ​ដោយផ្ទាល់នៅតាមដងផ្លូវ និងតាមមាត់ឆ្នេរសមុទ្រ សំដៅធ្វើឲ្យដំណើរការរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះប្រព្រឹត្តទៅដោយរលូន។

ពិធីបុណ្យសមុទ្រលើកទី៦ ជុំទី២ សម្រាប់ឆ្នាំ២០១៧ ខាងមុខនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២២-២៣-២៤ ខែធ្នូ លើទឹកដីខេត្តកែប ពោលនៅសល់រយៈពេលតែ២ខែទៀតប៉ុណ្ណោះ។ ដោយឡែក សម្រាប់ពិធីបើកជាផ្លូវការនៃពិធីបុណ្យសមុទ្រ នាថ្ងៃទី២៣ ខែធ្នូនោះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោករដ្ឋមន្រ្តី ថោង ខុន និងអភិបាលខេត្តកែប បានពិភាក្សាការងារខាងលើយ៉ាងផុសផុល និងបានចង្អុលបង្ហាញប្រាប់មន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេស អំពីការរៀបចំទីតាំងមួយចំនួនដែលជាការងារចាំបាច់សម្រាប់ការរៀបចំពិធីនេះ ពីព្រោះវាជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះឲ្យបានច្រើនកុះករ។

ក្នុងកិច្ចប្រជុំនាថ្ងៃពុធនេះផងដែរ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកែប បានដាក់ចេញនូវផែនការយុទ្ធអនុវត្តការងារមួយចំនួន ដូចជា ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងភ្ញៀវទេសចរ ការតុបតែងលម្អសោភ័ណភាពទីធ្លារសាធារណៈ និងទីតាំងមួយចំនួន ការថែរក្សាឲ្យបាននូវអនាម័យ ការគិតគូរលើបញ្ហាតម្លៃទំនិញ សេវាកម្ម ការអប់រំបណ្ដុះបណ្ដាល ការផ្សព្វផ្សាយ ការបង្កើតផលិតផលទេសចរណ៍ក្នុងព្រឹត្តិការណ៍នេះ ក៏ដូចជាការចាត់ចែងការងារពាក់ព័ន្ធនានាផងដែរ។

បើតាមលោករដ្ឋមន្ត្រី ថោង ខុន គួរយកឱកាសពិធីបុណ្យសមុទ្រលើកនេះ ដើម្បីធ្វើឲ្យខេត្តកែបជាខេត្តគំរូមួយខាងអនាម័យ និងគុណភាពសេវាកម្មទេសចរណ៍ គឺនៅតាមអាហារដ្ឋាន និងភោជនីយដ្ឋាន មិនឲ្យមានការបោះក្រដាសក្រោមតុទៀត បន្ទប់ទឹក បង្គន់អនាម័យសាធារណៈត្រូវស្អាតក្រអូប មានអ្នកថែរក្សាឲ្យបានត្រឹមត្រូវជាប់ជាប្រចាំ និងធ្វើឲ្យទីក្រុងកែប ជាទីក្រុងទេសរណ៍ស្អាតគំរូគ្មានសំរាម។

នៅឆ្នាំ២០១៦ ខេត្តកែបទទួលបានភ្ញៀវទេសចរសរុបចំនួន ១,០៩៧,១៦៨នាក់ កើនឡើង ១.៦៣ភាគរយ ក្នុងនោះទេសចរអន្តរជាតិមានចំនួន ៥៣,៧៣៣នាក់ កើនឡើង ៥.០៧ភាគរយ។ ចំណែកក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៩៦៧,៥២២នាក់ បានទៅទស្សនាខេត្តកែប។

សូមរំឭកថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៥ រយៈពេល៣ថ្ងៃ នៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៦ មានភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមទស្សនាប្រមាណជាង ៥០ម៉ឺននាក់​ និងទទួលបានជោគជ័យយ៉ាងធំធេង៕