(ភ្នំពេញ)៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះថា នៅថ្ងៃទី០១ ខែតុលាខាងមុខនេះ សាលារាជធានីភ្នំពេញ នឹងបង្កើនខ្សែរត់រថយន្ដក្រុងសាធារណៈចំនួន៣ខ្សែបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនឲ្យកាន់តែប្រសើរ។
ការបង្កើនខ្សែរត់រថយន្ដក្រុងសាធារណៈ ចំនួន៣ខ្សែបន្ថែមទៀតខាងលើនេះ បានធ្វើឡើង តបតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្គាប់ឲ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បង្កើនចំនួនរថយន្ដក្រុងបន្ថែមទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូនឲ្យកាន់តែប្រសើរ នាព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបន្ថែមទៀតថា គិតមកដល់ពេលនេះ ចំនួនឡានក្រុង មានជាង១០០គ្រឿង និងមានចំនួនខ្សែរត់៥ខ្សែផងដែរ ហើយក្រោយពីសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យកម្មករ-កម្មការិនី ជិះរថយន្ដក្រុងដោយមិនឥតថ្លៃនោះ ពេលនេះចំនួនកម្មករ-កម្មការិនី ដែលប្រើប្រាស់មធ្យោបាយរថយន្ដក្រុង មានការកើនឡើងទ្វេដងឯណោះ។
បើតាមលោក ម៉េត មាសភក្ដី ក្រៅពីបន្ថែមចំនួនខ្សែរត់៣ខ្សែ នៅដើមខែតុលា ឆ្នាំ២០១៧នេះ នៅពេលខាងមុខសាលារាជធានីភ្នំពេញ នឹងបង្កើនខ្សែរត់បន្ថែមទៀតផងដែរ តាមលទ្ធផលភាពដែលអាចធ្វើទៅបាន។
សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ក្នុងដំណើរសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅលើផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ
នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «យើងនឹងបង្កើនចំនួនឡានក្រុងបន្ថែមទៀត ឯកឧត្តម ឃូង ស្រេង ត្រូវបង្កើនចំនួនឡានក្រុងបន្ថែមទៀត ព្រោះកម្មកររបស់យើង នៅក្នុងទីក្រុងភ្នំពេញរាប់សិបម៉ឺននាក់ បូកជាមួយនិស្សិត សិស្ស គ្រូបង្រៀន ចាស់ជរា ជនពិការគឺមានចំនួនច្រើនបង្គួរ អញ្ចឹងដើម្បីកាត់បន្ថយនូវតម្លៃនៃការចំណាយ»។
សូមរំលឹកថា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិតឲ្យកាន់តែប្រសើរសម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យកម្មករ និយោជិត មកពីគ្រប់វិស័យជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
បន្ទាប់ពីអនុញ្ញាតឲ្យកម្មករ-កម្មការិនី ជិះរថយន្ដក្រុងរយៈពេល២ឆ្នាំនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីគោលជំហរថា ក្រោយដល់រយៈពេលកំណត់២ឆ្នាំនេះ សម្ដេចក៏នឹងបន្ដអនុញ្ញាតបន្ថែមទៀតផងដែរ ប៉ុន្ដែសម្ដេចមិនទាន់ប្រកាសថាបន្ដរយៈពេលប៉ុន្មានទៀតនោះទេ ពោលគឺដល់ពេលកំណត់ទើបប្រកាស៕