(សៀមរាប)៖ មូលនិធិសិង្ហបុរីអន្តរជាតិ (SIF) បានសម្ពោធគម្រោង «ទឹកសម្រាប់ជីវិត» មួយទៀតរបស់ខ្លួន នៅក្នុងខេត្តសៀមរាបហើយ ដែលគម្រោងរយៈពេល៤ឆ្នាំនេះ ដើម្បីផ្តល់ជូនអ្នកភូមិកម្ពុជាចំនួន៩០០០នាក់ នៅក្នុងស្រុកជីក្រែង និងស្វាយលើ របស់ខេត្តសៀមរាប នូវលទ្ធភាពទទួលបានទឹកស្អាត និងបណ្ដុះបណ្ដាលនូវចំណេះដឹង ផ្នែកអនាម័យមូលដ្ឋាន កាត់បន្ថយអត្រាជំងឺកើតចេញពីទឹក និងជួយបំពេញបន្ថែមដល់យុទ្ធសាស្ត្រជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កម្មវិធីផ្គត់ផ្គង់ទឹក និងអនាម័យជនបទ (WASH) ។

ក្នុងរយៈពេលបួនឆ្នាំខាងមុខនេះ អ្នកស្ម័គ្រចិត្តចំនួនជាង២៤០នាក់ មកពីប្រទេសសឹង្ហបុរី នឹងតំឡើងឧបករណ៍ចម្រោះជីវដីខ្សាច់ ចំនួន៩០០ឈុត និងរៀបចំវគ្គអប់រំអនាម័យមូលដ្ឋាន សម្រាប់អ្នកភូមិ គ្រូបង្រៀន និងកុមារ ។ គម្រោងនេះត្រូវបានអនុវត្ត ក្នុងភាពជាដៃគូជាមួយអង្គការ «ទឹកសម្រាប់កម្ពុជា» និងឧបត្ថម្ភដោយក្រុមហ៊ុន Ngee Ann Development Pte Ltd ។

លោក Lian Wee Cheow ប្រធានមូលនិធិសិង្ហបុរីអន្តរជាតិ បានថ្លែងថា៖ «ក្នុងនាមជាប្រទេសដែលខ្វះទឹក ហើយបានប្រឹងប្រែងយ៉ាងសកម្ម ក្នុងការការអភិរក្សទឹក នៅក្នុងការរស់នៅ យើងពិតជាទទួលស្គាល់ពីសារៈសំខាន់ នៃការទទួលបានទឹកទទួលទាន ។ ក្នុងរយៈពេលប្រាំពីរឆ្នាំមកនេះ បន្ទាប់ពីយើងបានបើកដំណើរការគម្រោង «ទឹកសម្រាប់ជីវិត» លើកដំបូងនៅខេត្តសៀមរាប យើងពិតជាមានកម្លាំងចិត្តក្នុងការដាក់ចេញនូវដំណាក់កាលទីពីរនៃគម្រោងនេះ ។ គម្រោងនេះ មិនត្រឹមតែផ្តល់ឱកាសឲ្យយើងបានជួយកែប្រែជីវិតរបស់ប្រជាជនកម្ពុជាជាមិត្តប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានបង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រមូលផ្ដុំសហគមន៍រួមគ្នាដើម្បីធ្វើឲ្យពិភពលោកកាន់តែប្រសើរឡើងផងដែរ”។

លោក Liugi Giani នាយកប្រតិបត្តិការនៃអង្គការ «ទឹកសម្រាប់កម្ពុជា» បានបន្ថែមថា៖ «ភាពជាដៃគូ ជាមួយមូលនិធិសឹង្ហបុរីអន្តរជាតិ នឹងជួយឲ្យយើងពង្រីកប្រតិបត្តិការទៅកាន់តំបន់នានា ដូចជាស្រុកជីក្រែង និងស្រុកស្វាយលើជាដើម ។ ភាពជាដៃគូនេះ បានជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីផ្តល់ទឹកស្អាតដល់អ្នកដែលត្រូវការខ្លាំងបំផុត ពោលគឺ អ្នកភូមិរាប់ពាន់នាក់ដែលពឹងផ្អែកលើទឹកទន្លេដើម្បីបំពេញតម្រូវការទឹករបស់ពួកគេ ទោះបីជាទឹកនោះបង្កឲ្យមានអត្រាខ្ពស់នៃជំងឺកើតចេញពីទឹកក្ដី ។ នេះជាលើកទីពីរហើយដែលយើងសហការជាដៃគូជាមួយនឹងមូលនិធិសិង្ហបុរីអន្តរជាតិ ហើយយើងសង្ឃឹមថា កិច្ចសហការលើកនេះនឹងមានជោគជ័យបន្តទៀត»។

លោក Teo Chiang Long នាយកប្រតិបត្តិក្រុមហ៊ុន Ngee Ann Development Pte Ltd បានថ្លែងថា៖ «ទឹក គឺជាតម្រូវការចាំបាច់ ប៉ុន្តែលទ្ធភាពទទួលបានទឹកស្អាត និងសុវត្ថិភាពសម្រាប់ទទួលទាន នៅតែជាបញ្ហាប្រឈម សម្រាប់មនុស្សជាច្រើននៅក្នុងពិភពលោក ។ ក្រុមហ៊ុន Ngee Ann Development Pte Ltd មានកិត្តិយស ដែលបានចូលរួមក្នុងការជួយផ្លាស់ប្ដូរជីវិត របស់ប្រជាជន ជាអ្នកជិតខាងនៃយើង តាមរយៈការជួយគាំទ្រដល់គម្រោង «ទឹកសម្រាប់ជីវិត» នៅក្នុងខេត្តសៀមរាប់ ចាប់តាំងពីឆ្នាំ ២០១០ មក»។

គម្រោង «ទឹកសម្រាប់ជីវិត» ត្រូវបានដាក់ចេញឲ្យអនុវត្ត ជាលើកដំបូងក្នុងឆ្នាំ ២០១០ នៅឃុំដានរន្ធ និងឃុំដំដែក នៃខេត្តសៀមរាប ហើយចុងបញ្ចប់នៃគម្រោងនេះ អ្នកភូមិចំនួន ១៧,០០០ នាក់បានទទួលប្រយោជន៍ ពីឧបករណ៍ចម្រោះជីវដីខ្សាច់ ចំនួន២៦០០ ឈុត ដែលបានតំឡើងតាមផ្ទះរបស់ពួកគាត់ ដែលជាហេតុនាំឲ្យមានការធ្លាក់ចុះនូវករណីជំងឺកើតចេញពីទឹករហូតដល់ទៅ ៨៥%។
ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ២០១៧ ពលរដ្ឋសិង្ហបុរីស្ម័គ្រចិត្តចំនួនជាង៤០០នាក់ បានមកធ្វើការ នៅក្នុងឃុំចំនួន១២ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីតំឡើងឧបករណ៍ចម្រោះជីវដីខ្សាច់ ចំនួន១៧០០ឈុត ដោយផ្តល់ទឹកស្អាត និងមានសុវត្ថិភាព ដល់ប្រជាជនចំនួន ៤៤,០០០នាក់។

គម្រោង “ទឹកសម្រាប់ជីវិត” (ខេត្តសៀមរាប) ដំណាក់កាលទី ២ គឺជាសមិទ្ធផលសំខាន់មួយទៀត នៅក្នុងមិត្តភាពរយៈពេល ១៥ ឆ្នាំរវាងមូលនិធិសិង្ហបុរីអន្តរជាតិ និងសហគមន៍នៅកម្ពុជា ដើម្បីជួយទ្រទ្រង់ដល់ជីវិតរស់នៅ និងរួមគ្នាធ្វើអំពើល្អប្រកបដោយអត្ថន័យ ។ តាមរយៈការបញ្ជូនជនជាតិសិង្ហបុរីស្ម័គ្រចិត្ត ដូចជាបុគ្គលិកអប់រំ និងគ្រូពេទ្យ ដើម្បីធ្វើការជាដៃគូជាមួយនឹងទីភ្នាក់ងារ និងសហគមន៍នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ និងតាមរយៈការស្វាគមន៍មន្ត្រីជំនាញ សិស្សនិស្សិត និងមន្ត្រីរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី ដូច្នេះ មូលនិធិសិង្ហបុរីអន្តរជាតិ បានប្រើប្រាស់អំណាចនៃមិត្តភាព ដើម្បីជួយលើកស្ទួយជីវិតរស់នៅ និងធ្វើឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន៕