(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញប្រគល់បណ្ណសរសើរ ដល់និស្សិតពូកែ ២២៩អង្គ/នាក់ នៃសកលវិទ្យាល័យធនធានមនុស្ស នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ លោកបណ្ឌិត សេង ផល្លី ប្រធានក្រុមប្រឹក្សាភិបាល សកលវិទ្យាល័យធនធានមនុស្ស បានជំរុញដល់សិស្សនិស្សិតត្រូវយកចំណេះដឹង ដែលទទួលបាន ក្នុងពេលសិក្សាទៅគួបផ្សំ ជាមួយបទពិសោធន៍ ដែលទទួលបានពីការអនុវត្តការងារ រួមនឹងគំនិតច្នៃប្រឌិតបន្ថែម ឲ្យស្របតាមស្ថានភាព និងកាលៈទេសៈ ជាក់ស្ដែងនៃការងារថែមទៀត ទើបមានលក្ខណៈគ្រប់គ្រាន់សម្រាប់ជីវិត។

លោកបណ្ឌិត សេង ផល្លី បានថ្លែងថា សិស្ស-និស្សិតទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ គោរពវិន័យ និងស្រាវជ្រាវបន្ថែមទៀត ទាំងចំណេះដឹង ចំណេះធ្វើ សីលធម៌ និងសិល្បៈ នៃការរស់នៅក្នុងសង្គម ដែលជាសសរស្ដម្ភយ៉ាងសំខាន់ ចាំបាច់សម្រាប់អនាគតរបស់ប្អូនៗ។ បានផ្ដាំផ្ញើដល់សិស្សនិស្សិតទាំងអស់ នៅពេលមានការងារធ្វើ ត្រូវមានភាពស្មោះត្រង់ចំពោះស្ថាប័នរបស់ខ្លួន ដើម្បីឲ្យថ្នាក់ដឹកនាំមានការទុកចិត្ត។ ចំណែកអ្នកដែលកំពុងបំពេញការងារ នៅតាមបណ្ដាស្ថាប័នរដ្ឋ ស្ថាប័នឯកជននានា ត្រូវប្រឹងប្រែងយកចិត្តទុកដាក់ បំពេញការងារដោយស្មោះត្រង់ និងមានការ ទទួលខុសត្រូវខ្ពស់ចំពោះការងារ ព្រមទាំងបំពេញការងារ ដោយមានគោលដៅច្បាស់លាស់ ។

នៅក្នុងឱកាសនោះ លោក ឯក មនោសែន សកលវិទ្យាធិការនៃសកលវិទ្យាល័យធនធានមនុស្ស បានលើកឡើងថា សកលវិទ្យាល័យនេះ មានបទពិសោធន៍ លើការបណ្ដុះបណ្ដាល១៩ឆ្នាំ ប្រកបដោយ ភាពជោគជ័យ មានសាស្ត្រាចារ្យ មន្ត្រី បុគ្គលិកគ្រប់គ្រាន់ ដែលមានសញ្ញាបត្រខ្ពស់ បទពិសោធន៍ ជាក់ស្ដែងច្បាស់លាស់ ហើយមានសកលវិទ្យាល័យ ជាដៃគូរអន្តរជាតិ ចំនួន១២៩ លើពិភពលោក ។

លោកបណ្ឌិតបន្តថា បច្ចុប្បន្នសកលវិទ្យាល័យធនធានមនុស្ស មានអគារផ្ទាល់ខ្លួនចំកណ្ដាល រាជធានីភ្នំពេញ មានវិសាលភាព បណ្ដុះបណ្ដាលនិស្សិតរហូតដល់ជិត ២០ម៉ឺននាក់។ និស្សិតមានមុខរបរផ្ទាល់ខ្លួន និងទទួលបានការងារធ្វើ ប្រកបដោយភាពជោគជ័យ នៅតាមស្ថាប័នរដ្ឋ និងបណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាស ធនាគារ សណ្ឋាគារ សង្គមស៊ីវិលនានា មានរហូតដល់ជាង ៩៨ភាគរយ ៕