(ឥណ្ឌូនេស៊ី)៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ី-អឺរ៉ុបលើកទី៤ នៅទីក្រុងបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី។

លោក Budi Karya Sumadi រដ្ឋមន្រ្តីដឹកជញ្ជូនឥណ្ឌូនេស៊ី ជាប្រធាននៃកិច្ចប្រជុំ និងមានការអញ្ជើញចូលរួមដោយបណ្តារដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ី-អឺរ៉ុប, សហគមន៍អឺរ៉ុប, អាស៊ាន, អង្គការដឹកជញ្ជូនអន្តរជាតិ និងថ្នាក់ដឹកនាំធុរកិច្ចវិស័យដឹកជញ្ជូន និងឡូជីស្ទីក។

រដ្ឋមន្ដ្រីទាំងអស់ បានពិភាក្សាលើបញ្ហាដែលមានសារៈសំខាន់សម្រាប់ទ្វីបទាំងពីរ (អាស៊ី-អឺរ៉ុប) និងវិធីដែលធ្វើឱ្យទស្សនៈវិស័យរបស់ថ្នាក់នាំអាស៊ី និងអឺរ៉ុប មានទំនាក់ទំនង និងស៊ីសង្វាក់គ្នាលើគ្រប់វិស័យ ដោយរួមទាំង វិស័យដឹកជញ្ជូន និងឡូជីស្ទីក។

រដ្ឋមន្ដ្រីបានអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុងបាលី នៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ី- អឺរ៉ុបលើកទី៤ ស្តីពីការភា្ជប់អាស៊ី និងអឺរ៉ុប តាមរយៈការតភ្ជាប់បណ្តាញដឹកជញ្ជូន និងផែនការយុទ្ធសាស្រ្តថ្នាក់តំបន់។ សេចក្តីថ្លែងការណ៍ផ្តោតសំខាន់លើបញ្ហាដូចខាងក្រោម៖

១៖ ផ្តោតសំខាន់លើការតភ្ជាប់គ្រប់វិស័យ
២៖ កិច្ចប្រជុំអាស៊ី-អឺរ៉ុប ជាវេទិកាជាយុទ្ធសាស្រ្ត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ី និងអឺរ៉ុប
៣៖ បង្កើនការចូលរួមពីស្ថាប័នឯកជន/ហិរញ្ញវត្ថុ ក្នុងការវិនិយោគលើវិស័យដឹកជញ្ជូន
៤.៖ ជំរុញការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនប្រកបដោយនិរន្តរភាព តាមរយៈការប្រើប្រាស់បច្ចេក វិទ្យាទំនើប និងមានប្រសិទ្ធភាព
៥៖ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងឡើងថែមទៀត ក្នុងការដោះស្រាយបញ្ហាប្រឈម របស់ប្រទេសជាសមាជិក នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប៕