(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូឡុំប៊ី នាថ្មីៗនេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។ ការលើកលែងទិដ្ឋាការនេះ មានន័យថា រាល់ការបំពេញបេសកកម្មផ្លូវការទៅវិញទៅមករវាងមន្រ្តីកម្ពុជា និងកូឡាំប៊ី នឹងពុំចាំបាច់សុំទិដ្ឋាការនោះទេ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូឡំប៊ី ស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ ត្រូវបានធ្វើឡើងនៅក្រៅសម័យប្រជុំលើកទី៧២ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំផ្សេងទៀត នៅទីក្រុងញូវយ៉ក អំឡុងជំនួបទ្វេភាគីរវាង ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និង លោកស្រី គូអេឡា រដ្ឋមន្រ្តីក្រសួងការបរទេសកឡំប៊ី។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កិច្ចព្រមព្រៀងនេះ នឹងផ្តល់ភាពងាយស្រួលកាន់តែខ្លាំងក្នុងការបំពេញការងាររបស់មន្រ្តីទូត ក៏ដូចជាមន្រ្តីរាជរដ្ឋាភិបាលរបស់ប្រទេសទាំងពីរ។ តាមកិច្ចព្រមព្រៀងនេះ ការបំពេញទស្សនកិច្ចទៅវិញទៅមករវាងមន្រ្តីប្រទេសទាំងពីរ នឹងមិនត្រូវការស្នើទិដ្ឋាការឡើយ។

ទោះជាយ៉ាងណា នេះមិនមែនជាលើកទី១ទេ សម្រាប់ប្រទេសកម្ពុជា ក្នុងការចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការជាមួយប្រទេសដទៃ ហើយកម្ពុជាបានធ្វើបែបនេះ ជាមួយប្រទេសជាច្រើន រាប់ទាំងប្រទេសទាំងអស់នៅអាស៊ានផងដែរ។ នេះបើតាមការបញ្ជាក់របស់ លោក ជុំ សុន្ទរី៕