(ព្រះវិហារ)៖ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅសាលាខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត បានជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A និងនិទ្ទេស B សរុបចំនួន២១នាក់។

ក្នុងនោះសិស្សនិទ្ទេស A ចំនួន២នាក់ ម្នាក់ៗទទួលបានម៉ូតូមួយគ្រឿង ហើយសិស្សនិទ្ទេស B ចំនួន១៩នាក់ក្នុង ម្នាក់ៗទទួលបានថវិកាចំនួន១លានរៀល។

ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានបញ្ជាក់ប្រាប់ដល់ក្មួយៗថា នេះគឺជាផ្លែផ្កានៃការកំណែទម្រង់របស់រាជរដ្ឋាភិបាល លើវិស័យអប់រំដែលទទួលបាននូវធនធានមនុស្សដែលមានគុណភាព និងសមត្ថភាពដើម្បីចូលរួមកសាងសង្គមជាតិ ឲ្យមានសុខសន្តិភាពយូរអង្វែង និងបានផ្តាំផ្ញើដល់ប្អូនៗទាំងអស់ឲ្យខិតខំរៀនសូត្របន្តទៀតនៅកម្រឹតឧត្តមសិស្សា និងនាំមកនូវចំណេះដឹងជំនាញពិតប្រាកដដើម្បីចូលរួមអភិវឌ្ឍប្រទេសឲ្យ កាន់តែមានការរីកចម្រើនបន្ថែមទៀត។

គួរបញ្ជាក់ថា នៅទូទាំងខេត្តព្រះវិហារ សិស្សដែលចូលរួមប្រឡងយកសញ្ញាបត្រទុតិយភូមិបាក់ឌុបមានចំនួនសរុប១៤៨០នាក់ ក្នុងនោះប្រលងជាប់១២៥៨នាក់ ដោយទទួលបាននិទ្ទេស A ចំនួន២នាក់ និងនិទ្ទេស B ចំនួន១៩នាក់ផងដែរ៕