(ភ្នំពេញ)៖ បន្ទាប់ពីបានដាក់ចេញនូវគោលនយោបាយឲ្យកម្មករ-កម្មការិនី ជិះរថយន្ដក្រុងសាធារណៈដោយមិនបង់ថ្លៃនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្គាប់ឲ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បង្កើនចំនួនរថយន្ដក្រុងបន្ថែមទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូនឲ្យកាន់តែប្រសើរ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្ននេះចំនួនអ្នកប្រើប្រាស់រថយន្ដក្រុងសាធារណៈកំពុងកើនឡើង ដោយបូកទាំងកម្មករ សិស្ស និស្សិត គ្រួបង្រៀន ចាស់ជរា ជនពិការ ដូច្នេះបើបន្ថែមចំនួនរថយន្ដក្រុង វានឹងធ្វើឲ្យសេវាដឹកជញ្ជូនមួយនេះកាន់តែងាយស្រួល និងបានឆាប់រហ័សជាងសព្វថ្ងៃនេះបន្ថែមទៀត។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅលើផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «យើងនឹងបង្កើនចំនួនឡានក្រុងបន្ថែមទៀត ឯកឧត្តម ឃូង ស្រេង ត្រូវបង្កើនចំនួនឡានក្រុងបន្ថែមទៀត ព្រោះកម្មកររបស់យើង នៅក្នុងទីក្រុងភ្នំពេញរាប់សិបម៉ឺននាក់ បូកជាមួយនិស្សិត សិស្ស គ្រូបង្រៀន ចាស់ជរា ជនពិការគឺមានចំនួនច្រើនបង្គួរ អញ្ចឹងដើម្បីកាត់បន្ថយនូវតម្លៃនៃការចំណាយ»។
សូមរំលឹកថា ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិតឲ្យកាន់តែប្រសើរសម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យកម្មករ និយោជិត មកពីគ្រប់វិស័យជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
បន្ទាប់ពីអនុញ្ញាតឲ្យកម្មករ-កម្មការិនី ជិះរថយន្ដក្រុងរយៈពេល២ឆ្នាំនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីគោលជំហរថា ក្រោយដល់រយៈពេលកំណត់២ឆ្នាំនេះ សម្ដេចក៏នឹងបន្ដអនុញ្ញាតបន្ថែមទៀតផងដែរ ប៉ុន្ដែសម្ដេចមិនទាន់ប្រកាសថាបន្ដរយៈពេលប៉ុន្មានទៀតនោះទេ ពោលគឺដល់ពេលកំណត់ទើបប្រកាស៕