(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សកលវិទ្យាល័យន័រតុន បានដាក់តាំងពិព័រណ៍ស្នាដៃរបស់និស្សិត មានចាប់តាំងពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤ និងទី៥ រួមនឹងបានបង្កើតកម្មវិធីសប្បុរសធម៌មួយ ក្នុងគោលបំណងយកថវិកាទាំងអស់នោះ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលមានក្មេងៗជាច្រើនកំពុងពិនិត្យ និងព្យាបាលជារៀងរាល់ថ្ងៃ ហើយសកលវិទ្យានាំថវិកាដែលបានមកពីកម្មវិធីមួយនេះ គឺដើម្បីជួយសម្រាលបន្ទុកមន្ទីរពេទ្យមួយនេះផងដែរ។

ក្នុងឱកាសនោះ លោក អ៊ុង វ៉ាន់ធឿន សកលវិទ្យាធិការរង នៃសកលវិទ្យាល័យន័រតុន ថ្លែងថា គោលបំណងនៃការរៀបចំពិព័រណ៍ស្នាដៃនិស្សិត របស់សកលវិទ្យាល័យន័រតុននេះ ដើម្បីឲ្យនិស្សិតបង្ហាញពីស្នាដៃខ្លួន លើសពីពិធីតាំងពិព័រណ៍ស្នាដៃរបស់និស្សិតសកលវិទ្យាល័យក៏រៀបចំ «ទិវាសប្បុរសធម៌» ផងដែរ។

លោកបន្ថែមថា «ពិព័រណ៍នេះក៏ដើម្បីបង្ហាញឲ្យសាធារណៈជនដឹងថា សកលវិទ្យាល័យន័រតុនមានអ្វីខ្លះ? ហើយពីរឆ្នាំចុងក្រោយ នៃការរៀចំពិព័រណ៍នេះយើងក៏បានដាក់បញ្ចូលកម្មវិធីមនុស្សធម៌ផងដែរ ដើម្បីប្រមូលថវិកាជូនមន្ទីរពេទ្យគន្ធបុប្ឆា ព្រោះកម្មវិធីនេះមានមនុស្សជាច្រើនបានចូលរួម។ ហើយកម្មវិធីមនុស្សធម៌នោះមានឈ្មោះថា ទិវាពេទ្យនៃសកលវិទ្យាល័យន័រតុន»

សកលវិទ្យាធិការរងរូបនេះគូសបញ្ជាក់ថា កម្មវិធីតាំងពិព័រណ៍នេះរៀបចំឡើងរយៈពេលបីថ្ងៃ ដោយមានការតាំងពិព័រណ៍ស្នាដៃនិស្សិត រួមនឹងការប្រគុំតន្ត្រីចូលរួមពីសំណាក់តារាល្បីៗនៅកម្ពុជា។ ហើយចំពោះការដាក់តាំងបង្ហាញស្នាដៃនិស្សិតវិញ គឺមានពីរផ្នែក៖ ទី១-ស្ថាបត្យកម្ម និងសំណង់ស៊ីវិល ទី២-ការបង្ហាញឱសថរបស់និស្សិតផ្នែកសុខាភិបាលបានផលិត។

លោកបញ្ជាក់យ៉ាងដូច្នោះថា «ក្រុមនិស្សិតដែលនាំមុខនៅក្នុងការតាំងពិព័រណ៍នេះ គឺពួកគេមកពីមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មហាវិទ្យាល័យវិទ្យាសាស្ត្រ និងមហាវិទ្យាល័យសង្គម»

ចំណែក លោក មួន ស៊ីម៉េង និស្សិតឆ្នាំទី៣ នៃសកលវិទ្យាល័យន័រតុនផ្នែកស្ថាបត្យកម្ម និងនគររូបនីយវិទ្យា ចាត់ទុកការតាំងពិព័រណ៍នេះ គឺជាកម្មវិធីមួយល្អដើម្បីឲ្យនិស្សិតបង្ហាញពីស្នាដៃរបស់ពួកគេ។

និស្សិតឆ្នាំទី៣ បន្ថែមថា «វាបានបង្ហាញពីស្នាដៃនិស្សិតក្នុងការគូរប្លង់ ដែលមានទាំងរូបសំណាកអគារ ដូចយើងបានសាងសង់ពិតៗ ហើយសកម្មភាពនេះ វាបានបង្ហាញពីរីកចម្រើន ខាងផ្នែកស្ថាបត្យកម្មដើម្បីបង្ហាញទៅដល់ប្អូនៗ នៅសាលាផ្សេងៗបានដឹង»។ សម្រាប់មហិច្ចតារបស់និស្សិតឆ្នាំទី៣ម្នាក់នេះ ចង់ឲ្យសកលវិទ្យាល័យ យកស្នាដៃទាំងនេះទៅតាំងបង្ហាញនៅទីសាធារណៈផ្សេងៗផងដែរ។

សូមបញ្ជាក់ថា ការរៀបចំពិធីនៃការដាក់តាំងពិព័រណ៍ និងកម្មវិធីសប្បុរសធម៌របស់សកលវិទ្យាល័យ «ន័រតុន» នេះ មិនមែនជាលើកទីមួយនេះទេ ហើយសកលវិទ្យាល័យមួយនេះ បានយកស្នាដៃរបស់និស្សិតដែលមានសម្ថភាព ទៅប្រកួតនៅលើឆាក អន្តរជាតិផងដែរ លើសពីនេះក៏បានទទួលលទ្ធផលល្អ ដូចជាការទទួលបានមេដៃមាស ជារៀងរាល់ឆ្នាំផងដែរ ទាំងអស់នេះបង្ហាញពីការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំរបស់សកលវិទ្យាល័យឯកជនមួយនេះ៕