(កំពង់ឆ្នាំង)៖ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានធ្វើយុទ្ធនាការពិនិត្យ និងព្យាបាលជំងឺ ដោយមិនគិតថ្លៃដល់កម្មករ-កម្មការិនីនៅតាមរោងចក្រ សហគ្រាសនានាក្នុងខេត្ត ក្នុងគោលបំណងលើកកម្ពស់សុខមាលភាពកម្មករ-កម្មការិនីឲ្យកាន់តែប្រសើរជាងមុន។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត បានចុះពិនិត្យ និងព្យាបាលជំងឺដល់កម្មករ-កម្មការិនីដែលកំពុងបម្រើការងារនៅរោងចក្រ M.V ដែលជារោងចក្រតម្បាញមួយ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយមិនគិតថ្លៃ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា យុទ្ធនាការពិនិត្យ និងព្យាបាលជំងឺជូនដល់កម្មករ-កម្មការិនីដោយមិនគិតថ្លៃនេះ ធ្វើឡើងមានរយៈពេល២៤ថ្ងៃ ហើយកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារនៅតាមរោងចក្រសហគ្រាសនានា ក្នុងខេត្តកំពង់ឆ្នាំង មានចំនួន៣៨៥០៣នាក់។ ដោយឡែក រោងចក្រ M.V ក្រុងកំពង់ឆ្នាំង មានចំនួន២៨០០នាក់ ដោយត្រូវធ្វើការពិនិត្យ និងព្យាបាលរយៈពេល៣ថ្ងៃ។

លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ក្រៅពីការពិនិត្យសុខភាពយុទ្ធនាការនេះ ក៏បានការផ្តល់ថ្នាំបង្ការជំងឺតេតាណូសដល់កម្មការនីផងដែរ។
ចំពោះករណីពិនិត្យឃើញកម្មករ-កម្មការិនីមានបញ្ហាសុខភាព ត្រូវព្យាបាល ក្រុមការងារ នឹងបញ្ជូនគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តដោយមិនគិតថ្លៃ។

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលសកម្មភាព ក្រុមគ្រូពេទ្យ និងសួសុខទុក្ខកម្មករ-កម្មការិនីនាពេលនោះ បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការងារជាច្រើន ដើម្បីលើកកំពស់ស្ថានភាពសុខភាពរបស់ កម្មករ-កម្មការីនី នៅតាមរោងចក្រសហគ្រាស ទូទាំងប្រទេស តាមរយៈការធានារ៉ាប់រងសុខភាពរបបសន្តិសុខសង្គម។ លោកអភិបាលខេត្តកំពង់ឆ្នាំង បានផ្តាំផ្ញើដល់កម្មករ-កម្មការិនីទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងសូមឱ្យមានសុខភាពល្អ កម្លាំងខ្លាំងក្លា ដើម្បីបំពេញការងារសម្រាប់អភិវឌ្ឍប្រទេសជាតិ៕