(សៀមរាប)៖ សូមបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាឲ្យបានច្រើនកុះករ ព្រោះរដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ នៅតាមបណ្ដោយដងស្ទឹងប្រវត្តិសាស្ដ្រខេត្ត។
ជាក់ស្ដែងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ដឹកនាំប្រជុំត្រៀមរៀបចំព្រះរាជពិធីនេះ ដោយមានការចូលរួមពីសំណាក់លោក លោកស្រីគណៈអភិបាលខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ចូលរួមផងដែរ។
លោក ឃឹម ប៊ុនសុង បានឲ្យដឹងថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនេះ គឺធ្វើឡើងដើមី្បរំលឹក និងគោរពដល់វីរៈភាព នៃបុព្វបុរសទាហានជើង ទឹកជំនាន់ដើមដែលបានពលីជិវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិអង្គរនៃយើង។
អភិបាលខេត្តសៀមរាប បន្តទៀតថា ការជួបជុំគ្នានាឱកាសនេះដើម្បីធ្វើការពិភាក្សាគ្នា និងពិនិត្យមើលរាល់ការងារដែលអនុគណៈកម្មការទាំង៦អនុវត្ត ដើម្បីធ្វើការរៀបចំក្រុងសៀមរាប ឲ្យមានសោភ័ណ្ឌភាពកាន់តែមានភាពស្រស់ត្រកាលឡើង ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែឆ្នាំ២០១៧នេះ ក្នុងការទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តឲ្យកាន់តែច្រើន ដោយខេត្តសៀមរាប ជាគោលដៅនៃភ្ញៀវទេសចរលើពិភពលោក ចូលមកទស្សនាកម្សាន្តផងដែរ។
លោកអភិបាលខេត្ត បានណែនាំការងារមួយចំនួន ដែលសំខាន់ចំពោះកម្លាំងសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងការងារសន្តិសុខ បង្កើនការត្រួត ពិនិត្យ អាវុធជាតិផ្ទុះ និងកំណត់នូវទីចំណតយានយន្តគ្រប់ប្រភេទ នៅតាមគោលដៅនីមួយៗ ក្នុងនោះក៏បានសង្កត់ធ្ងន់ ទៅលើការងារចរាចរក្នុងពេលពិធីបុណ្យ ក្នុងនោះស្នើអនុគណៈកម្មការ ត្រូវធ្វើការស្វែងរកនូវដៃគូរ ក្នុងការគាំទ្ររៀបចំពិធីនេះ ឲ្យដំណើរការទៅដោយជោគជ័យ ហើយលោកបានជម្រុញមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង លើកការដាក់បង្គោលភ្លើងបំភ្លឺ និងអនាម័យ បរិស្ថានឲ្យបានរួចមុនថ្ងៃបុណ្យអុំទូក ព្រមទាំងត្រូវធ្វើអនាម័យសំអាតតាមដងផ្លូវផងដែរ។
បន្ថែមពីនេះ លោក ឃឹម ប៊ុនសុង សូមឲ្យអនុគណៈកម្មការទទួលផ្នែកអនាម័យ ត្រូវធ្វើជាប្រចាំនូវអនាម័យ បរិស្ថាន ក្នុងពេលបញ្ចប់ពិធី ក្នុងការប្រមូលកាកសំណល់ទាំងនេះ ដើម្បីជៀសវាងកុំឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរ៕