(ភ្នំពេញ)៖ លោកស្រី Sheikh Hasina នាយករដ្ឋមន្រ្តីបង់ក្លាដេស នឹងអញ្ជើញមកបំពេញទស្សកិច្ចជាផ្លូវការ នៅប្រទេសកម្ពុជា នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ខាងមុខ។ នេះបើតាមការប្រកាសឲ្យដឹងពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈសម្តេចអញ្ជើញចូលរួមនៅក្នុងពិធីសំណេះសំណាល ជាមួយកម្មករ កម្មការិនី ជាង១ម៉ឺននាក់ នៅលើផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា «ប្រទេសបង់ក្លាដេស នាយករដ្ឋមន្រ្តីនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៦ ខែតុលាខាងមុខនេះ នៅសល់ប្រហែលជាជាងកន្លះខែទៀត គាត់នឹងមកទស្សនកិច្ចនៅកម្ពុជា ប្រទេសនេះមានពលកម្មច្រើនណាស់ តម្លៃកម្មករនៅទីនោះ តម្លៃតែ៦៧ដុល្លារប៉ុណ្ណោះ ស្រីលង្កាមានត្រឹមតែ៦៧ដុល្លារអាមេរិកទេ ឥណ្ឌាមានត្រឹមតែ ៧៧ដុល្លារអាមេរិក ភូមា ឬមីយ៉ាន់ម៉ា មានត្រឹមតែ៧៧ដុល្លារ ឥណ្ឌូនេស៊ី គឺចែកជាតំបន់ តំបន់ទាប បានត្រឹមតែ៩៩ដុល្លារ និងតំបន់ខ្ពស់បាន២៤៩ដុល្លារ ឡាវ បាន១១០ដុល្លារ និងនៅមានប្រទេសជាច្រើនទៀត»។
គួរបញ្ជាក់ថា លោកស្រី Sheikh Hasina គ្រប់តំណែងជានាយករដ្ឋមន្ត្រីបង់ក្លាដេស២អាណ្តិតកន្លងមកហើយ។ លោកស្រី កន្លងមក ក៏មានការទំនាក់ទំនងការទូត ជាមួយកម្ពុជា ជាបន្តបន្ទាប់ក្នុងអំឡុងពេល ដែល លោកស្រី Sheikh Hasina ដឹកនាំប្រទេសបង់ក្លាដេស៕