(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹង ដោយណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ ត្រូវអនុញ្ញាតឲ្យកម្មករ និយោជិតជាស្រ្តីមានផ្ទៃពោះលើសពី៣ខែ បានចេញមុនម៉ោងការងាររបស់ខ្លួនយ៉ាងតិច ១៥នាទី ដើម្បីចូលរួមគាំពារសុខុមាលភាពកម្មករ និយោជិតជាស្រ្តីមានផ្ទៃពោះ និងទារកក្នុងផ្ទៃ។

ក្នុងសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ទៀតថា ទន្ទឹមនឹងការផ្តល់ជូននេះ និយោជកត្រូវរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗទៀត ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ជូនដល់កម្មករ និយោជិតជាស្រ្តីដែលទទួលបានសិទ្ធិអនុញ្ញាតឲ្យចេញមុនម៉ោងការងារ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីតាមបណ្តារោងចក្រនានាទាំងពេលកន្លងមក ក៏ដូចជានាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអំពាវនាវទៅដល់ថែកែរោងចក្រសហគ្រាសអនុញ្ញាតឲ្យស្រ្តីមានផ្ទៃពោះអាចចេញមុនម៉ោងធ្វើការយ៉ាងតិច ១៥នាទី។ តែសម្តេចក៏ស្វាគមន៍ផងដែរ ប្រសិនបើរោងចក្រ សហគ្រាសណា ដែលអនុញ្ញាតឲ្យស្រ្តីមានផ្ទៃពោះអាចចេញពីធ្វើការបានមុនម៉ោងលើសពីការស្នើសុំរបស់សម្តេចនោះ។

សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានអំពាវនាវផងដែរ ទៅដល់ថៃកែរោងចក្រសហគ្រាស ត្រូវអនុញ្ញាតឲ្យស្រ្តីមានផ្ទៃពោះអាចទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ ជាពិសេសនៅពេលឈប់សម្រាករយៈពេល ៣ខែ ពេលសម្រាកកូននោះ ត្រូវទទួលបានប្រាក់ខែក្នុងអត្រា ១២០ភាគរយ។

កាន់តែពិសេសទៀតនោះ ចាប់ពីឆ្នាំ២០១៨ទៅ ស្រ្តីកម្មការិនី ដែលឆ្លងទន្លេ នឹងទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលសម្រាប់អ្នកសម្រាលបានកូនមួយទទួលបាន ៤០ម៉ឺនរៀល អ្នកបានកូនភ្លោះពីរ បាន ៨០ម៉ឺនរៀល ហើយអ្នកកូនភ្លោះ៣ នឹងទទួលបាន ១លាន ២០ម៉ឺនរៀល៕