(ភ្នំពេញ)៖ ​ប្រធានក្រុមប្រឹក្សាធម្មនុញ្ញលោក អ៊ឹម ឈុនលឹម បានអះអាងថា ប្រទេសកម្ពុជាតែងតែគោរព និងដើរតាមមាគ៌ា នៃរដ្ឋធមនុញ្ញជានិច្ច គឺមិនដែលប្រព្រឹត្តផ្ទុយម្ដងណាឡើយ ហើយបន្ទាប់ពីប្រកាសឲ្យប្រើរដ្ឋធមនុញ្ញ ឆ្នាំ១៩៩៣មក ស្ថាប័នជាតិនានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ បានខិតខំបំពេញតួនាទីរបស់ខ្លួន សម្រេចបានសមិទ្ធផលដ៏ធំធេង ទាំងលើការងារកសាងអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តិ។

ការប្រកាសបែបនេះរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងសន្និសីទស្ដីពី សមិទ្ធផល២៤ឆ្នាំ នៃការអនុវត្តរដ្ឋធមនុញ្ញនៃព្រះរាជណាចក្រកម្ពុជា ដើម្បីរំលឹកខួបឆ្នាំទី២៤ នៃទិវាប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ។

លោកប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០១៧នេះ រដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា បានកសាងមូលដ្ឋានគតិយុត្តិប្រមាណ៤៧០ ដែលក្នុងនោះរួមមាន ច្បាប់ជាតិបានចំនួន២៨១ និងផ្ដល់សច្ចាប័នលើលិខិតូបករណ៍ និងកិច្ចព្រមព្រៀងអន្ដរជាតិចំនួនប្រមាណ១៨៩។

លោកបន្ថែមថា «ក្នុងរយៈពេល២៤ឆ្នាំនេះ រដ្ឋធម្មនុញ្ញ ដែលត្រូវបានសរសេរចារឹកឡើងក្នុងឆន្ទះមោះមុតនៃប្រជារាស្ដ្រខ្មែរ ត្រូវបានធានាការពារគោរយ៉ាងម៉ឺងម៉ាត់ នៅក្នុងដំណើរមួយដ៏ប្រពៃ។ ដូច្នេះប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ មានកាតព្វកិច្ចអនុវត្តបន្ដការគោរពតាមស្មារតីនៃរដ្ឋធម្មនុញ្ញ បន្ដការពង្រឹងស្មារតីគោរពច្បាប់ ដើម្បីឲ្យតម្លៃនេះក្លាយជាតម្លៃរួមតែមួយ (Common Value) សម្រាប់ប្រជាពលរដ្ឋខ្មែរ​គ្រប់រូប ក្នុងឋានៈជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន ក្នុងដំណើរការកសាងប្រទេសជាតិឲ្យក្លាយជា កោះសន្ដិភាព មួយលូតលាស់ សម្បូររុងរឿងជានិច្ចនិរន្ដតទៅ​ ដែលជាបំណងដ៏ពិសិដ្ឋដូចបានលើកឡើងនៅក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញ»។

លោក អ៊ឹម ឈុនលឹម បានអះអាងថា យោងតាមការវាយតម្លៃទូទៅ មូលដ្ឋានច្បាប់ និងបទដ្ឋានគតិយុត្ដិ ដែលត្រូវបានកសាងឡើង និងដាក់ឲ្យអនុវត្តជាធរមានរួចហើយ មកដល់ពេលនេះអាចនិយាយបានថា ជាប្រព័ន្ធច្បាប់មួយរឹងមាំមានស្ថិរភាពអាចជឿទុកចិត្តបាន និងមានបរិមាណ និងគុណភាពសឹងគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយដើម្បីឆ្លើយតបនឹងសំណូមពរ នៃការអភិវឌ្ឍប្រទេសជាតិមកដល់ពេលនេះ ដែលទាំងអស់នេះ ត្រូវបានរាប់ជាសមិទ្ធផលចម្បងក្នុងដំណើរការលើកតម្លើងឧត្តមានុភាព និងកិត្យានុភាព នៃរដ្ឋធម្មនុញ្ញតាមមាគ៌ានៃនីតិរដ្ឋ​។

ក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាក់ថា ក្នុងរយៈពេល២៤ឆ្នាំបន្ទាប់ពីការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣មក កម្ពុជាបច្ចុប្បន្នមានសុខសន្ដិភាពយ៉ាងពិតប្រាកដ មានរដ្ឋធម្មនុញ្ញ មានប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌អាចជឿទុកចិត្តបាន ធានាបានសង្គមមួយមានរបៀបរៀបរយ មានប្រព័ន្ធសេដ្ឋកិច្ចដ៏ល្អប្រសើរ សម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងដំណើរឆ្ពោះទៅសម្រេចយុទ្ធសាស្ដ្រកាត់បន្ថយភាពក្រីក្រ ដែលជាភារកិច្ចចម្បងមួយរបស់រាជរដ្ឋាភិបាល ក្នុងការទទួលខុសត្រូវចំពោះសង្គម៕​