(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ១០លានរៀលជូនលោកយាយ ម៉ាស យ៉ន ម្តាយសពរបស់យុទ្ធជនដ៏អង់អាចក្លាហាន ដែលបានពលីជីវិតក្នុងសមរភូមិការពារការប៉ុនប៉ងវិលមកកាន់កាប់ប្រទេសវិញពីសំណាក់កងទ័ពខ្មែរក្រហមនាទសវត្សរ៍ឆ្នាំ៨០។

ថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ត្រូវបាននាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាំយកជូនដល់ដៃលោកយាយ មាស យ៉ន នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅគេហដ្ឋានរបស់លោកយាយក្នុងភូមិត្រពាំងស្វាយ ឃុំ ក្រាំងម្កាក់ ស្រុងអង្គស្នួល ខេត្តកណ្ដាល។

ក្នុងពេលនាំយកថវិកាជាការឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បាននាំយកនូវការចូលរួមរំលែកមរណទុកដ៏ក្រៀមក្រំ និងការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនចំពោះលោកយាយព្រមទាំងក្រុមគ្រួសារផងដែរ។

នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ប្រាប់លោកយាយ មាស យ៉ន ថា សម្តេចទាំងពីរមិនដែលភ្លេចបងប្អូនអតីតយុទ្ធជនក៏ដូចជាគ្រួសារពលីមរណ:នោះទេ ដូចជាករណីរបស់លោកយាយពេលសម្តេចទាំងពីរទទួលបានព័ត៌មានភ្លាម សម្តេចបានចាត់តាំងរូបលោក និងក្រុមការងារស្វែងរក ដើម្បីជួយដោះស្រាយរាល់បញ្ហាជូនភ្លាមៗតែម្តង។

ឆ្លៀតក្នុងឱកាសនោះនាយឧត្តមសេនីយ៍ គន់ គីម ក៏បានបង្ហាញស្ញប់ស្ញែងចំពោះគំរូវីរភាពដ៏អង់អាចក្លាហានរបស់កូនប្រុសលោកយាយ មាស យ៉ន ក្នុងការប្រយុទ្ធការពារជាតិជាមួយខ្មាំងសត្រូវទប់ទល់មិនឲ្យមេដឹកនាំរបបប្រល័យពូជសាសន៍ ប៉ុល ពត វិលមកគ្រប់គ្រងប្រទេសជាថ្មី។

នាយឧត្តមសេនីយ៍ គន់ គីម បន្តថា ព្រោះតែវីរភាពដ៏អង់អាចក្លាហាននេះហើយ បានធ្វើឲ្យជាតិកម្ពុជាបានសុខក្សេមក្សាន្ត និងប្រជាពលរដ្ឋរស់នៅដោយសុខដុមរមនារហូតដល់ពេលបច្ចុប្បន្ននេះ។

លោកយាយ មាស យ៉ន ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុក្ខដាក់ចំពោះសុខទុក្ខអតីតយុទ្ធជន និងគ្រួសារពលី មរណ:ទូទាំងប្រទេស ក្នុងនោះក៏មានគ្រួសារលោកយាយដែរ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាសម្តេចទាំងពីរព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី មានសុខភាពសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ ឈ្នះអស់មាសត្រូវទាំងឡាយ និងសូមបួងសួងឲ្យសម្តេចតេជោបន្តឈ្នះឆ្នោតធ្វើជានាយករដ្ឋមន្ត្រីដឹកប្រទេសកម្ពុជាឲ្យមានភាពរីកចម្រើនបន្តទៀត។

សូមបញ្ជាក់ថាកូនប្រុសលោកយាយ មាស យ៉ន មានឈ្មោះ យុង ភុន បានពលីជីវិតលើសមរភូមិក្នុងទឹកដីខេត្តប៉ៃលិននាអំឡុងទសវត្សរ៍ ឆ្នាំ៨០ ពេលប្រយុទ្ធជាមួយទាហានខ្មែរក្រហមដែលនីសេសសល់តាមជាយដែន៕