(ភ្នំពេញ)៖ បន្ទាប់ពីធនាគារអភិវឌ្ឍន៍អាស៉ី ហៅកាត់ថា ADB បានចេញរបាយការណ៍ថ្មីមួយរបស់ខ្លួន អះអាងថា សេដ្ឋកិច្ចកម្ពុជា នឹងនៅតែបន្តរឹងមាំ ក្នុងអត្រាកំណើន៧.១ភាគរយនៅឆ្នាំ២០១៧ និង២០១៨នោះ នៅថ្ងៃទី២៧ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចមានមោទនភាពយ៉ាងខ្លាំង ដែលបានកើតឡើង នៅលើទឹកដីកម្ពុជា ពិសេសកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងរង្វង់៧ភាគរយ រយៈពេល២០ឆ្នាំជាប់ៗគ្នា។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងថា ប្រសិនបើអភិបាលកិច្ចរបស់កម្ពុជា មានភាពស្មោកគ្រោកដូចអ្វី ដែលមនុស្សមួយចំនួននិទាននោះ ប្រហែលជាសេដ្ឋកិច្ចរបស់កម្ពុជា មិនមានកំណើតខ្ពស់ដូច្នេះឡើយ។

មនុស្សមួយចំនួន ដែលសម្តេចតេជោលើកឡើងនេះ បើទោះមិនបានបញ្ចេញឈ្មោះចំក៏ដោយ ប៉ុន្តែគេដាក់ការសង្ស័យថា សំដៅចំពោះអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី ដែលបានរត់គេចខ្លួនពីកម្ពុជា និងកំពុងរត់នៅក្រៅប្រទេស ព្រមទាំងសកម្មជនគាំទ្របក្សប្រឆាំង ដែលកន្លងទៅតែងតែអំពាវនាវសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់កម្ពុជា។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះថា «ធនាគារអភិវឌ្ឍន៍អាស៉ី បានចេញនូវរបាយការណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្រាប់ឆ្នាំ២០១៧ និង២០១៨ មានទៅដល់៧.១ភាគរយ បើដូច្នេះវាលើសពីការគ្រោងទុករបស់យើង។ ការគ្រោងទុករបស់យើងពិតប្រាកដ យើងគិតត្រឹមតែជុំវិញ៧ភាគរយ នេះគឺជាអត្រាមួយខ្ពស់ ហើយប្រសិនបើអភិបាលកិច្ចស្មោកគ្រោក ដូចដែលមនុស្សមួយចំនួននិទាន ប្រហែលជាសេដ្ឋកិច្ចកម្ពុជា មិនមានកំណើនថេរ៧ភាគរយ រយៈពេល២០ឆ្នាំជាប់គ្នានោះទេ»

លើសពីនេះទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមហិច្ឆតាធ្វើឲ្យប្រជាពលរដ្ឋ មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយសម្តេចជឿជាក់ថាកម្ពុជាអាចនឹងធ្វើបាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា បើទោះបីថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលមួយចំនួន​ មិនអាចរស់ដល់ឆ្នាំ២០៣០យ៉ាងណាក្តី តែចក្ខុវិស័យនិងគោលនយោបាយជាច្រើន បានដាក់ចេញរួចទៅហើយសម្រាប់អភិវឌ្ឍន៍កម្ពុជា និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ។

សូមជំរាបថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញរបាយការណ៍ថ្មីមួយ អះអាងថា សេដ្ឋកិច្ចកម្ពុជា នៅបន្តកើនឡើងខ្លាំងនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨  ដោយធនាគារមួយនេះ រំពឹងថានឹងមានកំណើន៧.១ភាគរយ។

លោក Samiuela Tukuafu នាយក ADB ប្រចាំប្រទេសកម្ពុជា បានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្តមានកំណើន ក្នុងសន្ទុះដ៏ខ្លាំងមួយ ដោយសារមានការជម្រុញពីការធ្វើ ពិពិធកម្មការនាំចេញ កំណើនខ្ពស់នៃវិស័យសំណង់ និងទេសចរណ៍ អាកាសធាតុមានលក្ខណៈអំណោយផល និងគោលនយោបាយសារពើពន្ធ ដែលជួយជម្រុញកំណើនសេដ្ឋកិច្ច។

លោកថា ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងពង្រីកការផ្តល់ជំនួយដល់ប្រទេសកម្ពុជា ចាប់ពីឆ្នាំនេះតទៅ ដើម្បីជួយដល់រដ្ឋាភិបាល ក្នុងការបង្កើនផលិតភាព អភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ក្នុង វិស័យកសិកម្ម បង្កើនការភ្ជាប់ទំនាក់ទំនងក្នុងតំបន់បន្តលើកកម្ពស់ការអប់រំកម្រិត មូលដ្ឋាន និងជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ក៏ដូចជាបង្កើនចំណាយសម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍ សំដៅបន្តកែលំអការផ្តល់ សេវាសាធារណៈ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា រំពឹងថាសេដ្ឋកិច្ចកម្ពុជា អាចនឹងនៅតែបន្តកំណើនរឹងមាំ ក្នុងរង្វង់៦.៩ភាគរយក្នុងឆ្នាំនេះ ដែលកំណើននេះ ត្រូវបានគាំទ្រដោយវិស័យសំណង់ និងវិស័យកសិកម្ម និងកំណើនខ្ពស់លើសការរំពឹងទុកនៃ វិស័យទេសចរណ៍៕