(ភ្នំពេញ)៖ អគារថ្មី នៃស្ទីឌីយោស្ថានីយទូរទស្សន៍មហាផ្ទៃ «NICE TV» ត្រូវបានធ្វើពិធីអបអរសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមវត្តមានរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោក ម៉ៅ ប៊ុនណារិន អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ និងលោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមជាមួយមន្រ្តីថ្នាក់ដឹកនាំ របស់ក្រសួងមហាផ្ទៃជាច្រើនរូប ផ្សេងទៀត។
ថ្លែងនាឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា ក្រុមហ៊ុន NICE Culture Investment Group គឺជាដៃគូយុទ្ធសាស្ត្រ សម្រាប់ស្ថានីយ និងទូរទស្សន៍យើង។ ដូច្នេះអគារថ្មីរបស់ស្ថានីយទូរទស្សន៍មហាផ្ទៃនេះ អាចចូលរួមជម្រុញបន្ថែមទៀត ការលើកកម្ពស់ការយល់ដឹង របស់ប្រជាពលរដ្ឋ តាមរយៈការអប់រំការផ្សព្វផ្សាយច្បាប់ និងចំណេះដឹងផ្សេងៗ។
ដោយឡែកបើតាមតំណាងក្រុមហ៊ុន NICE Culture Investment Group ថ្លែងថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មី នៃស្ថានីយទូរទស្សន៍ Nice TV គឺបានបង្កើតនូវប្រព័ន្ធស្ថានីយទូរទស្សន៍អន្តរកម្ម ផ្សាយផ្ទាល់ដំបូងគេនៅកម្ពុជា។ ម្យ៉ាងទៀតក៏អាចបញ្ជាក់ថា Nice TV នឹងបន្តសហការយ៉ាងស្អិតល្មួត ជាមួយក្រសួងមហាផ្ទៃ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋកម្ពុជា ឲ្យមានទស្សនីយភាពសម្បូរបែប ជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ស្ថានីយទូរទស្សន៍ Nice TV បង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន NICE Culture Investment Group របស់សាធារណៈរដ្ឋប្រជាមានិតចិន ឆ្លងកាត់ការរៀចំយ៉ាងផ្ចិតផ្ចង់ អស់រយៈពេលជាង១ឆ្នាំ។ ទូរទស្សន៍មួយនេះ បានសាងសង់អគារការិយាល័យផ្ទាល់ខ្លួនមួយខ្នង ក្នុងបរិវេណក្រសួងមហាផ្ទៃ មានកម្ពស់៧ជាន់ ផ្ទៃក្រឡា៣០០០ម៉ែត្រការ៉េ អាចទទួលបុគ្គលិកធ្វើការបាន៣០០នាក់។ ក្នុងអគារប្រើប្រាស់បរិក្ខា ស្ទូឌីយូនិម្មិត និងឧបករណ៍អន្តរពហុមេឌារ រវាងទូរស័ព្ទ និងទូរទស្សន៍ទំនើប មកពីប្រទេសចិន។
ជាងនេះទៅទៀត ការសម្ពោធស្ថានីយ Nice TV ជាសញ្ញាថា Nice TV នឹងចាប់ផ្តើមយុគសម័យថ្មីទាំងស្រុង នៃទូរទស្សន៍អន្តរកម្ម។ Nice TV ចាក់ផ្សាយកម្មវិធីទូរទស្សន៍ ជាភាសាខ្មែរ២៤ម៉ោង លើ២៤ម៉ោង រួមមានកម្មវិធីជាច្រើនដូចជា ព័ត៌មានកម្មវិធីសិល្បៈកម្សាន្ត ភាពយន្តភាគ និងភាពយន្តឯកសារជាដើម ហើយទស្សនិកជនអាចអន្តរកម្ម ឆ្លើយឆ្លងក្នុងកម្មវិធីទាំងនោះ តាមរយៈកម្មវិធីលើទូរស័ព្ទ TUTU LIVE។
កម្មវិធីព័ត៌មានចំនួន៣ «នាទីសន្តិសុខមាតុភូមិ» ជាកម្មវិធីមួយយកការផ្សព្វផ្សាយ គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យរបស់ង្គមជាតិ និងស្នាដៃរបស់រាជរដ្ឋាភិបាលសកម្មភាព ប្រតិបត្តិការកងកម្លាំងនគរបាលជាតិអាជ្ញាធរ ដែលលនេះជាការអនុវត្តន៍បទបញ្ជាចរាចរ និងគោលការណ៍ណែនាំរបស់រដ្ឋាភិបាល និងក្រសួងមហាផ្ទៃជូនទស្សនិកជន៕