(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអំពាវនាវឲ្យប្រជាពលរដ្ឋ អង្គការរដ្ឋ និងម្ចាស់ក្រុមហ៊ុនឯកជនទាំងអស់ សូមរួសរាល់ធ្វើការរុះរើរំកិលបង្គោលខ្សែកាប្លិ៍ និងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម នៅចំណុចការដ្ឋានជួសជុលស្ពានជ្រោយចង្វារទី១ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ឲ្យបានមុនថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការរុះរើរំកិលបង្គោលខ្សែកាប្លិ៍ និងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម នៅចំណុចការដ្ឋានជួសជុលស្ពានជ្រោយចង្វារទី១ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយសារមានតម្រូវការចាំបាច់ក្នុងការរៀបចំជួសជុលស្ពានជ្រោយចង្វារទី១ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ឡើងវិញ ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការរបស់ប្រទេសជប៉ុន ដែលនឹងចាប់ផ្ដើមបើកការដ្ឋានជួសជុលនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ នាពេលខាងមុខនេះ។

រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា ដូច្នោះ ដើម្បីរក្សាបានសុវត្ថិភាព បញ្ជៀសការកកស្ទះចរាចរណ៍ និងជំរុញដល់ការងារជួសជុលស្ពានជ្រោយចង្វារទី១ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) តាមផែនការដែលគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ អង្គការរដ្ឋ និងម្ចាស់ក្រុមហ៊ុនឯកជនទាំងអស់ ដែលមានបណ្ដាញខ្សែកាប្លិ៍អាកាស បណ្ដាញក្រោមដី បង្គោលខ្សែកាប្លិ៍ និងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ដែលស្ថិតនៅលើទីតាំងជុំវិញ ការដ្ឋានជួសជុលស្ពានខាងលើ សូមរួសរាល់ធ្វើការរុះរើរំកិលចេញឲ្យបានមុនថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពី ការរុះរើរំកិលបង្គោលខ្សែកាប្លិ៍ និងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម នៅចំណុចការដ្ឋានជួសជុលស្ពានជ្រោយចង្វារទី១ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន)៖