(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ដោយបានបញ្ជាក់ថា មិនអនុញ្ញាតិឲ្យរថយន្តដឹកទំនិញធំៗ ដែលធ្វើដំណើរ ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ ឆ្លងកាត់ស្ពានជ្រោយចង្វារ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ រហូតដល់ស្ពាន ជួសជុលត្រូវបានបញ្ចប់ ដោយត្រូវពង្វាងចរាចរ ទៅតាមផ្លូវឆ្ពោះទៅស្ពានព្រែកក្តាម មកផ្លូវជាតិលេខ៥ ចូលមកក្រុងវិញ។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារទី១) នឹងត្រូវជួសជុលកែលំអរឡើងវិញ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។ ក្នុងអំឡុងពេលនេះ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារទី១) ត្រូវបិទចរាចរទាំងស្រុង ហើយស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វារទី២) ត្រូវដាក់ឲ្យដំណើរការសម្រាប់ចរាចរទាំងទិសចេញ និងចូលរាជធានីភ្នំពេញ។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា ក្នុងន័យនេះ ដើម្បីជៀសវៀងការកកស្ទះចរាចរ នៅលើស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វារទី២) ក៏ដូចជាចំណុចក្បាលស្ពានទាំងសងខាងនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការជូនដំណឹងដូចខាងក្រោម៖

ទី១៖ ចំពោះរថយន្ដធុនធំចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦​ ត្រូវពង្វាង់បត់ចូលតាមផ្លូវ លី យ៉ុងផាត់។

ទី២៖ ចំពោះយានយន្ដគ្រប់ប្រភេទ ដែលធ្វើចរាចរទិសដៅចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ មកដល់ចំណុចថ្នល់កែង ត្រូវបត់ស្ដាំធ្វើចរាចរតាមកំណត់ផ្លូវជាតិលេខ៦ ឆ្ពោះទៅស្ពានព្រែកក្ដាម និងបន្ដដំណើរចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៥វិញ។

ទី៣៖ ក្នុងករណីមានការកកស្ទះចរាចរណ៍ ក្នុងតំបន់ការដ្ឋានធ្ងន់ធ្ងរ អ្នកបញ្ជាយានយន្ដគ្រប់ប្រភេទ ត្រូវអនុវត្តតាមការបង្វែទិសចរាចរណ៍របស់សមត្ថកិច្ចជំនាញ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជនដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦ នេះ នឹងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងសហការយ៉ាងល្អជាមួយ នឹងសមត្ថកិច្ចពាក់ព័ន្ធ ដោយឈរលើស្មារតីយោគយល់ អធ្យាស្រ័យខ្ពស់ ស្របតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ៕