(អឺរ៉ុប)៖ លោក ហ៊ុន ម៉ាណែត រហូតមកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បាននិងកំពុងដឹកនាំក្រុមការងារបំពេញបេសកកម្មជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅ ធ្វើការ និងរៀនសូត្រនៅប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប។
នាអំឡុងការបង្ហាញវត្តមានជាលើកទី៣របស់លោក ហ៊ុន ម៉ាណែត នៅក្នុងប្រទេសអាល្លឺម៉ង់ ប្រទេសស្វីស ប្រទេសអង់គ្លេស និងប្រទេសស្វីសនារយៈពេលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញមានវត្តមាន បងប្អូនប្រជាពលរដ្ឋខ្មែរ យ៉ាងច្រើនបានមកទទួលស្វាគមន៍យ៉ាងរីករាយជាទីបំផុត ប្រកបដោយភាពស្និតស្នាល ក្នុងនាមខ្មែរតែមួយ ដែលទាំងនេះបង្ហាញនូវភាពជោគជ័យយ៉ាងខ្លាំង ជាពិសេសនោះ បងប្អូនខ្មែរនៅតាមប្រទេសទាំងនោះ បានយល់ច្បាស់មកលើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
ទន្ទឹមគ្នានេះ ក៏មានវត្តមានការតវ៉ាប្រឆាំងមួយក្តាប់តូចផងដែរ ចំពោះវត្តមានកូនប្រុសច្បងដ៏មានប្រជាប្រីយភាព លោក ហ៊ុន ម៉ាណែត ប៉ុន្តែមានតិចតួចប៉ុណ្ណោះ ពោលគេសង្កេតឃើញនៅអាល្លឺម៉ង់ ត្រឹម២០ទៅ៣០នាក់ ខណៈពលរដ្ឋរាប់រយនាក់បានទៅទទួលរាក់ទាក់ និងស្វាគមន៍លោក ហ៊ុន ម៉ាណែត និងក្រុមការងារ។
ថ្លែងនៅចំពោះបងប្អូនខ្មែរនៅទីនោះ លោក ហ៊ុន ម៉ាណែត បានប្រកាសថា «សូមពូមីងជឿចុះរាជរដ្ឋាភិបាលកម្ពុជា ទទួលខុសត្រូវចំពោះជាតិមាតុភូមិ ទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ យកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ ទទួលខុសត្រូវចំពោះការអនុវត្តច្បាប់ អ្វីក៏ដោយមិនយកប្រជាជនជាសត្រូវ គឺជួយប្រជាពលរដ្ឋដោះស្រាយ ទុកលំបាករបស់ប្រជាពលរដ្ឋ ការពារទឹកដីដែលយើងធ្វើបាន។ ជាពិសេសប្រជាពលរដ្ឋក្រីក្ររបស់យើងនេះហើយ គឺអ្វីដែលជាការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល និងការអនុវត្តនយោបាយថ្មីៗ ទាំងអស់ដើម្បីជួយដល់ប្រជាពលរដ្ឋ អ៊ុពូមីងបានដឹងហើយ»។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា «ព្រោះតែអញ្ចឹងហើយ ប្រទេសយើងពីសង្គ្រាមកន្លងមកទម្រាំបានប៉ុណ្ណេះ ហើយយើងបន្តរីកទៅទៀត ជាពិសេសស្មារតីរួបរួមគ្នានេះហើយ ដែលមិនធ្វើឲ្យខ្មែរបែកបាក់ទាំងក្នុង និងក្រៅប្រទេសភាពអត់ធ្មត់ ភាពមិនលាបពណ៌គ្នា ការសាមគ្គីគ្នាទទួលស្គាល់ នូវគំនិតខុសគ្នា ប៉ុន្តែយើងមិនយកខ្មែរណាជាសត្រូវ។ នេះហើយជាអ្វីយើងជាខ្មែរគ្រប់រូបទាំងក្នុង និងក្រៅប្រទេសត្រូវតែបន្តដើម្បីជ្រោងទង់ជាតិ យើងនៅលើឆាកអន្តរជាតិ ជាតិយើងទុកឲ្យកូនចៅយើងជំនាន់ក្រោយកាន់តែមានមោទនភាព»។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរជាង៤០០នាក់មកពីតំបន់ផ្សេងៗ នៅក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសស្វីសបានទទួលស្វាគមន៍វត្តមានលោក ហ៊ុន ម៉ាណែត យ៉ាងកក់ក្តៅ និងចូលរួមក្នុងពិធីពិសារបាយសាមគ្គីមហាគ្រួសារខ្មែរ។
លោក ហ៊ុន ម៉ាណែត បានថ្លែងទៀតថា «ថ្ងៃនេះខ្ញុំមកទីនេះ ដើម្បីជួបជាមួយលោកអ៊ុពូមីងបងប្អូន និងជម្រាបជូនពីស្ថានភាពស្រុកខ្មែរ ដើម្បីឱ្យលោកអ៊ុពូមីងបងប្អូនបានស្វែងយល់។ ខ្ញុំមកនេះ មិនមែនឱ្យបងប្អូនទៅស្អប់នរណាទេ ហើយមិនឱ្យលោកអ៊ុពូមីងបងប្អូនលាបពណ៌អ្នកណាឱ្យយើងបែកបាក់គ្នានោះទេ។ ការផ្តល់ព័ត៌មានទាមទងនឹងអ្វីដែលបងប្អូនប្រជាពលរដ្ឋចង់ដឹងពីស្រុកទេស ជាសិទ្ធិរបស់យើងជាសិទ្ធិរបស់ខ្មែរទាំងអស់គ្នា មិនមែនសិទ្ធិផ្តាច់មុខរបស់បក្សនេះបក្សនោះទេ គឺជាសិទ្ធិរបស់ខ្មែរទាំងអស់គ្នា»។
បន្ទាប់ពីទទួលជោគជ័យក្នុងពិធីអាហារសាមគ្គីមហាគ្រួសារខ្មែរ នៅក្នុងប្រទេសអាល្លឺម៉ង់រួចមក លោក ហ៊ុន ម៉ាណែត ត្រូវបានប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសស្វីសប្រមាណជាង២០០នាក់ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងចូលរួមក្នុងពិធីពិសារបាយសាមគ្គីមហាគ្រួសារខ្មែរ ប្រកបដោយបរិយាកាសរីករាយនិងស្និទ្ធស្នាលក្រៃលែងកាលពីល្ងាចថ្ងៃទី២៥ ខែកញ្ញ៉ា ឆ្នាំ ២០១៧។
ប្រជាពលរដ្ឋដែលមកចូលរួមស្វាគមន៍ លោក ហ៊ុន ម៉ាណែត នៅទីនេះ បានបញ្ជាក់ថា ពួកគេពិតជាសប្បាយរីករាយ ដែលបានជួបលោក ហ៊ុន ម៉ាណែត និងបានស្តាប់នូវរឿងរ៉ាវ ជាច្រើនពាក់ព៍័ន្ធនឹងការរីកចំរើននៅកម្ពុជា៕