(ភ្នំពេញ)៖ ដើម្បីបញ្ជ្រាបចំណេះដឹង ផ្នែកហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយ និងជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវវ័យជំនាន់ ក្រោយឲ្យមានសមត្ថភាពយល់ដឹង ផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់ជីវិតរបស់ពួកគេ នាពេលអនាគត ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសហការជាមួយធនាគារជាតិនៃកម្ពុជា អង្គការ Good Return និងអង្គការ World Education Cambodia គ្រោងនឹងបញ្ជូលកម្មវិធីសិក្សា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅលើមុខវិជ្ជាចំនួន៣ ដល់សិស្សសិក្សាចំណេះដឹងទូទៅ នៅកម្ពុជាឆ្នាំ២០១៩ ខាងមុខ។
ថ្លែងក្នុងសិក្ខាសាលាស្ដីពី «គម្រោងបញ្ជ្រាបចំណេះដឹង ផ្នែកហិរញ្ញវត្ថុ នៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ នៅកម្ពុជាដំណាក់កាលទី១» នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ លោក ម៉ុក សារ៉ុម អគ្គនាយករងអប់រំ និងជាតំណាងក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឲ្យដឹងថា «បន្ទាប់ពីមានការសហការជាមួយ ធនាគារជាតិនៃកម្ពុជា អង្គការ Good Return និងអង្គការ World Education
Cambodia យើងបានកំពុងដុតដៃដុតជើង ក្នុងការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សា... ដោយបញ្រ្ជាបកម្មវិធីសិក្សានេះ ទៅក្នុងមុខវិជ្ជាចំនួន៣ រួមមាន មុខវិជ្ជាគណិតវិទ្យា មុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋាន និងមុខវិជ្ជា គេហកិច្ចវិទ្យា ដោយបញ្ជា្របតាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ»។
លោកបន្ដទៀតថា ការបញ្ជ្រាបកម្មវិធីសិក្សាផ្នែកហិរញ្ញវត្ថុនេះ នឹងទទួលបានអត្ថប្រយោជន៍ច្រើន ព្រោះថានេះគឺជាការបណ្ដុះគំនិតតាំង ពីក្មេងវ័យទៅដល់កុមារ ដើម្បីឲ្យកុមារចេះប្រើប្រាស់ថវិកា ដោយមានផែនការច្បាស់លាស់ ដើម្បីឲ្យជីវិតរបស់ពួកគេទៅថ្ងៃមុខមានការអភិវឌ្ឍន៍រឹងមាំ រីកចំរើន ដោយមិនមានបញ្ហាផ្នែកសេដ្ឋកិច្ច រួមទាំងអាចការពារការចំណាក់ស្រុកផ្សេងៗទៀតបាន។
លោកបានបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០១៧ នេះក្រសួងអប់រំគ្រាន់ តែបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា ហើយឆ្នាំ២០១៨ ក្រសួងអប់រំនឹងចាប់ផ្ដើមសរសេរលម្អិតបន្ថែម រហូតដល់ឆ្នាំ២០១៩ ទើបបញ្ជូលខ្លឹមសារទាំងមូលចូលក្នុងសៀវភៅសិក្សាគោលរបស់សិស្ស។
ក្នុងនោះដែរលោកស្រី ជា សេរី អគ្គនាយកបច្ចេកទេសបានថ្លែងឲ្យដឹងដែរថា ការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៅក្នុងកម្មវិធីសិក្សានេះ ត្រូវបានធ្វើឡើង តាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ ដើម្បីធ្វើយ៉ាងណាបញ្ជ្រាបចំណេះដឹងនេះដល់កុមារ ឲ្យយល់តាំងតែពីក្មេងវ័យទៅ ហើយយើងក៏សង្ឃឹមថា កុមារបានរៀនហើយពួកគេ ក៏អាចពន្យល់ទៅដល់ឪពុកម្ដាយ បងប្អូន ដែលមិនបានទទួលចំណេះដឹងផ្នែកអប់រំ ឲ្យយល់ច្បាស់បន្ថែមទៀត។
លោកស្រីបានបញ្ជាក់ទៀតថា ធនាគារជាតិនៃកម្ពុជា គ្រោងនឹងបើកម្មវិធីបណ្ដុះបណ្ដាល គ្រូបង្គោលដើម្បីទៅបង្រៀនដល់សិស្សានុសិស្សផងដែរ ដោយដំណាក់កាលទី១នេះ យើងបានរៀបចំជាឯកសារ ជាមុនសិន ហើយដំណាក់កាលបន្ដបន្ទាប់ទៀត នឹងរៀបចំវគ្គបណ្ដុះបណ្ដាល ដល់គ្រូបង្គោល ព្រោះថាទល់តែគ្រូបង្គោលយល់ទើប គាត់អាចទៅបង្រៀនលោកគ្រូ អ្នកគ្រូផ្សេងៗទៀត ហើយលោកគ្រូ អ្នកគ្រូ នឹងអាចពន្យល់បន្ថែមដល់សិស្សានុសិស្ស ទាំងអស់ឲ្យបានយល់៕