(ស្វាយរៀង)៖ អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានបញ្ជាក់ឲ្យដឹងថា ករណីគ្រាប់បែកគីមីដ៏គ្រោះថ្នាក់ របស់សហរដ្ឋអាមេរិកចំនួន២គ្រាប់ ដែលបានរកឃើញក្នុងបរិវេណ សាលាបឋមសិក្សាគគីរ និងវត្តគគីរ ស្ថិតនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បាននិងកំពុងគំរាមកំហែង បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ សិស្ស និងព្រះសង្ឃ ដែលរស់នៅក្បែរតំបន់នោះ ដោយបង្កើតឲ្យមានប្រតិកម្មផ្សេងៗ ដូចជាពិបាកដកដង្ហើម និងឡើងកន្ទួលរមាស់លើស្បែកជាដើម។

យោងតាមលិខិតរបស់លោក ម៉ែង វិបុល ផ្ញើជូនសម្តេចពីជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី នុយក្លេអែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ លោកអភិបាលខេត្តស្វាយរៀង បានសំណូមពរយ៉ាងទទូចសូមឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ ចាត់ឲ្យមន្ត្រីជំនាញមកដោះគ្រាប់គីមីទាំង២នោះឲ្យឆាប់ដើម្បីកុំមានការភ័យខ្លាចចំពោះ ប្រជាពលរដ្ឋបន្តទៀត។

លោកអភិបាលខេត្តបានសំណូមពរយ៉ាងដូច្នេះថា «បច្ចុប្បន្នគ្រាប់បែកទាំងពីរនេះ បានបន្តការគំរាមកំហែង និងបង្កការភ័យខ្លាច ដល់ប្រជាពលរដ្ឋ សិស្ស និងព្រះសង្ឃ ដែលកំពុងរស់នៅក្បែរតំបន់នោះ ដោយបង្កើតឲ្យមានប្រតិកម្មផ្សេងៗ ដូចជាពិបាកដកដង្ហើម និងឡើងកន្ទួលរមាស់លើស្បែករបស់ពួកគាត់ ក្នុងន័យនេះ តាមសំណូមពរដ៏ទទួច ពីសំណាក់ប្រជាពលរដ្ឋ សិស្ស ព្រះសង្ឃ និងក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង ខ្ញុំបាទគោរពស្នើសុំ សម្តេចពិជ័យសេនា មេត្តាចាត់មន្ត្រីជំនាញ ដើម្បីមករំដោះគ្រាប់បែកគីមីទាំងពីរ ចេញពីទីតាំងខាងលើ»

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែកញ្ញានេះ បានស្នើឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក វីលៀម ហើស ចុះទៅបំពេញទស្សនកិច្ច មើល គ្រាប់បែកគីមីរបស់អាមេរិក២គ្រាប់ ដែលបន្សល់នៅ ឯខេត្តស្វាយរៀង ហើយសម្តេចនាយករដ្ឋមន្រ្តីក៏បានស្នើអាមេរិក ឲ្យគិតគូរពីបញ្ហា គ្រាប់បែកបន្សល់នៅលើដីខ្មែរ កាលពីសម័យសង្រ្គាមទម្ងន់ជិត ៣លានតោនផងដែរ ដោយមិនត្រូវគិតតែពីរឿងទារបំណុល និងអដ្ឋិធាតុទាហានអាមេរិកនោះទេ។

ភ្លាមៗបន្ទាប់ប្រសាសន៍ ដ៏មុតស្រួចរបស់មេដឹកនាំកំពូលរបស់កម្ពុជា ប្រជាពលរដ្ឋខ្មែរម្នាក់ បានសម្តែងការនូវគាំទ្រពេញទំហឹង និងខ្លាំងក្លាជាទីបំផុតចំពោះការ លើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន និងស្នើឲ្យសហរដ្ឋអាមេរិក ដាច់ខាតត្រូវតែទទួលខុសត្រូវ ចំពោះគ្រាប់បែកគីមីដ៏សាហាវរបស់ខ្លួន «គ្រាប់បែក ដែលផលិតនៅអាមេរិក (Made in USA)» អាមេរិកត្រូវតែយកចេញទៅវិញ គ្រាប់បែកទាំងនេះនៅជាកម្មសិទ្ធិរបស់ទព័អាកាស អាមេរិកនៅឡើយ ហើយសូមកាត់បំណុលកខ្វក់ដែលកម្ពុជាជំពាក់ផង ព្រោះបំណុលរបស់ខ្មែរ ដែលជំពាក់នោះគឺនៅលើគ្រាប់បែករបស់សហរដ្ឋអាមេរិក ដែលទម្លាក់លើក្បាលរាស្រ្តខ្មែរ សម្លាប់រាប់លាននាក់ កាលពីសម័យសង្គ្រាម។

ចំណែកគ្រាប់បែកគីមីដ៏សាហាវចំនួន២គ្រាប់ ដែលទើបរកឃើញនៅស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានទម្ងន់២០០គីឡូក្នុងមួយគ្រាប់ ដែលទម្លាក់ដោយ យន្តហោះរបស់អាមេរិក នៅសម័យសង្រ្គាមអាមេរិកនៅកម្ពុជា ក្នុងទស្សវត្សឆ្នាំទី៧០។

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា វត្តមានគ្រាប់បែកគីមីនៅក្នុងខេត្តស្វាយរៀង កំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំងសម្រាប់ ប្រជាពលរដ្ឋនៅតំបន់នោះ ហើយក៏កំពុងបង្កការលំបាកដល់មន្រ្តីជំនាញផងដែរថា មិនដឹងត្រូវចាត់ការរបៀបណាទៅលើគ្រាប់នោះ ព្រោះបើបំផ្ទុះសារធាតុគីមីនឹង ជះឥទ្ធិពលអាក្រក់ដល់ប្រជាពលរដ្ឋ។

សម្តេចតេជោបញ្ជាក់ថា សារធាតុគីមីរបស់គ្រាប់បែកនោះ វានឹងធ្វើឲ្យមនុស្សពិការរូបរាងកាយ និងពិការភ្នែកជាដើម។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា នឹងគិតគូរលើបញ្ហាគ្រាប់បែកគីមីនៅក្នុងខេត្តស្វាយរៀង ក៏ដូចជាគ្រាប់បែករបស់អាមេរិកដទៃទៀត ដែលកំពុងកប់ក្នុងដីកម្ពុជា៕