(ភ្នំពេញ)៖ ស្ត្រីម្នាក់បានសាងសង់សំណង់ផ្ទះដែក ពី២ដងទៅ៣ដង ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ត្រូវអាជ្ញាធរចុះផ្អាកការសាងសង់ភ្លាមៗ ក្រោយមានពាក្យបណ្ដឹងជាយូរមកហើយ ពីប្រជាពលរដ្ឋចំនួន៨គ្រួសារ ដែលមានសេចក្ដីសម្រេចរបស់អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ដែលមានជម្លោះដ៏រ៉ាំរ៉ៃរយៈពេលជាង២០ឆ្នាំ ក្នុងតំបន់អភិវឌ្ឍន៍ខណ្ឌឫស្សីកែវ។ ប៉ុន្តែនៅពេលចុះទៅដល់នោះ ក្រុមអាជ្ញាធរឃើញមិនទាន់មានសំណង់រឹងមាំ ក៏មិនបានធ្វើសកម្មភាពជាធំដុំនោះឡើយ ហើយក៏ដកថយចេញទៅវិញតែម្តង។

តែយ៉ាងណាក៏ដោយ ម្ចាស់សំណង់បានចេញមកអះអាងថា គាត់មានឯកសារកាន់កាប់ និងទទួលស្គាល់ពីអាជ្ញាធរអស់រយៈពេលជាង២០ឆ្នាំមកហើយ មិនបានទៅសង់រំលោភ យកទាំងខុសច្បាប់នោះឡើយ។

មន្ត្រីសាលាខណ្ឌឫស្សីកែវ បានឲ្យដឹងថា ចំពោះវិធានការផ្អាកសំណង់ផ្ទះដែកដ៏រឹងមាំ ដែលបានសាងសង់ និងកំពុងស្ថិតក្នុងជម្លោះពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន៨គ្រួសារ ដែលមានសេចក្ដីសម្រេចពីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ខាងលើនេះដែរ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ នៅត្រង់ចំណុចដីឡូត៌លេខ៤៤-៤៦ កែងផ្លូវលំលេខ១៧២១ តាមបណ្ដោយផ្លូវលេខ៥៩៨ (ហៅផ្លូវជាសុផារ៉ា) ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ បន្ទាប់ពីលោកស្រី សេក សុភ័ក្រសឿម៉ូនា បានអះអាងថា ជាម្ចាស់ដីស្របច្បាប់ តំណាងឲ្យលោក គង់ ទី ជាម្ចាស់ដីដើម បានសាងសង់សំណង់ នៅពេលដែលអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ឈប់សម្រាកក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្យថ្មីៗនេះ ក្នុងមួយរយៈពេលដ៏ខ្លី។

តែសម្រាប់លោកស្រី សេក សុភ័ក្រសឿម៉ូនា បានឆ្លើយតបវិញថា ដោយសារតែលោកស្រីមានឯកសារកាន់កាប់ត្រឹមត្រូវ ទើបទៅសាងសង់សំណង់នេះ ប៉ុន្តែមិនមែនជាសំណង់រឹងមាំនោះឡើយ។ លោកស្រីបានសង្កត់ធ្ងន់ថា បើចង់បង្ហាញឯកសារ គឺលោកស្រីមានគ្រប់គ្រាន់ទាំងអស់។

មន្ត្រីសាលាខណ្ឌដដែល បានបង្ហើបឲ្យដឹងទៀតថា ការហាមឃាត់ទប់ស្កាត់ ចំពោះសំណង់របស់លោក គង់ ទី ដែលត្រូវបានលោកស្រី សេក សុភ័ក្រសឿម៉ូនា អះអាងថា ជាម្ចាស់ដីស្របច្បាប់នោះ ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ជាបន្តបន្ទាប់ រហូតឈានដល់ការរុះរើនេះ ក៏ព្រោះតែអនុវត្តយោងតាមលិខិតលេខ២៧ សជណ. ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ របស់សាលារាជធានីភ្នំពេញ និងកំណត់ហេតុចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ របស់រដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីរក្សាបាននូវប្រសិទ្ធិភាពក្នុងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន ជៀសវាងបង្កឲ្យកើតមានបញ្ហាទំនាស់បន្ថែមទៀត ទើបតម្រូវឲ្យម្ចាស់សំណង់លោក គង់ ទី ដែលជាម្ចាស់ដីដើម ត្រូវបញ្ឈប់ការសាងសង់ជាបន្ទាន់ ដោយរក្សាភាពដើមឲ្យនៅដដែល បើក្នុងករណីមិនព្រមអនុវត្តតាមខ្លឹមសារខាងលើនេះទេ នោះរដ្ឋបាលខណ្ឌ និងចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវលើការខូចខាត ឫបាត់បង់ទ្រព្យសម្បត្តិឡើយ៕