(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់បង្ហាញប្លង់ទាំងសង្ខាង ដើម្បីបញ្ជៀសការកកស្ទះចរាចរ ពេលជួស​ជុលស្ពានចជ្រោយចង្វារចាស់ នៅត្រង់បរិវេណការដ្ឋានសាងសង់ ជាពិសេសនៅត្រង់ចំណុចរង្វង់មូលស្ពានទាំងសង្ខាង (រង្វង់មូលកួចកាណុង និងរង្វង់មូលព្រហ្មមុខបួន)។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ ដោយមានកិច្ចសហការជាមួយទីប្រឹក្សាបច្ចេកទេសជប៉ុន នឹងបន្តកិច្ចខិតខំប្រឹងប្រែង ជាអតិបរមាដើម្បីគ្រប់គ្រងស្ថានភាពចរាចរណ៍ក្នុងកំទ្បុងពេល នៃការជួសជុលស្ពាន ដើម្បីកាត់បន្ថយកម្រិតអប្បបរមានូវរាល់ផលប៉ះពាល់ទាំងទ្បាយណា ដែលបង្កការរំខានដល់ការ ធ្វើចរាចររបស់អ្នកដំណើរ និងយានយន្តដែលធ្វើ ដំណើរឆ្លងកាត់តំបន់នេះ ក៏ដូចជាការបញ្ជៀសការកកស្ទះ ដោយការដាក់ចេញនូវវិធានការណ៍មួយចំនួនដូចជា៖ ការកែតម្រូវចំណុចរង្វង់មូលស្ពានទាំងសង្ខាង ការរៀបចំគំនូសប្លង់បង្ហាញទិសដៅ ប្រព័ន្ធចរាចរណ៍ការផ្តល់នូវដំណោះស្រាយសម្រាប់ការ ពង្វាងចរាចរណ៍ និងការចែករំលែកព័ត៌មាន ទាក់ទងនឹងផ្លូវវាងផ្សេងទៀតជាដើម ។ល។

សូមជម្រាបផងដែរថា ការស្តារទ្បើងវិញស្ពានជ្រោយចង្វារចាស់នេះ គឺជាការឆ្លើយតបទៅនឹងសំណើសុំបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់រដ្ឋាភិបាលជប៉ុន ដោយហេតុថា ស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំងដែលមិនមានសុវត្ថិភាព សម្រាប់ការដឹកជញ្ជូនសាធារណៈ ឆ្លងកាត់ទេន្លេ។

គម្រោងជួសជុលស្តារទ្បើងវិញនេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ចំនួន៣.៣៤៣ (បីពាន់បីរយសែសិបបី) លានយ៉េន ប្រមាណជា៣៣ (សាមសិបបី) លានដុល្លារអាមេរិក។ ការជួសជុលស្តារទ្បើងវិញនៃស្ពាននេះ នឹងប្រើរយះពេល ប្រមាណជា២១ខែ រហូតដល់ ខែមិថុនា ឆ្នាំ២០១៩។

ប្រជាពលរដ្ឋដែលធ្វើដំណើរលើស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារចាស់) នឹងត្រូវបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីធ្វើការជួសជុលស្តារទ្បើងវិញ។ ចរាចរណ៍ទ្វេទិសឆ្លងកាត់ទន្លេនឹងប្រព្រឹត្តទៅតែនៅលើស្ពាន មិត្តភាពកម្ពុជា-ចិន តែមួយប៉ុណ្ណោះ៕